ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹង ស្តីអំពីស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៩ ខែមិថុនាថាៈ ប្រទេសកម្ពុជា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប ពីប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងល្បឿនបង្គួរ។
ក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាព ដូចខាងលើនេះ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីតិចទៅមធ្យម។
ទន្ទឹមនឹងនោះ ផ្នែកមួយចំនួន នៃបណ្តាខេត្តភាគខាងក្រោម (ត្បូង) អាចមានភ្លៀង ធ្លាក់ច្រើន ។ សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីតិចទៅបង្គួរ ។
នៅក្នុងសេចក្តីជូនដំណឹង បានអំពាវនាវ ដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស នៅតំបន់វាល ទំនាបកណ្តាល ៕/V-PC