ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២២ មិថុនានេះ ក្រុមការងាររបស់រដ្ឋបាល រាជធានីភ្នំពេញ បានកំពុងស្តារ ប្រឡាយលូ៥ ដែលមានប្រវែងជាង ១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវ វស្សានេះ ពិសេស កុំឱ្យហូរចូលទៅប្រឡាយ បឹងទំពន់ និងលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹក ថ្ងៃទី២២ មិថុនានេះថាៈ មានការ យកចិត្តទុកដាក់ និងការចង្អុលណែនាំ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេ នៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយលូ៥ ដើម្បីរំដោះជំនន់ទឹកភ្លៀង នារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូល ទៅប្រឡាយបឹងទំពន់ និងជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថាៈ ប្រឡាយលូ៥ មានប្រវែងជាង ១.០០០ ម៉ែត្រ ទទឹងមានទំហំពី ១៥ ទៅ ៣០ ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំ ផ្លូវវេងស្រេង ដល់ស្ថានីយ បូមទឹកលូ៥ ។ ការដ្ឋាននេះ បានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់ កាលពី ថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់ នៅពាក់កណ្តាល ខែកក្កដា ខាងមុខ។
ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក ក្នុងមូលដ្ឋានខណ្ឌពោធិ៍ សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូល ប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថាៈ ប្រឡាយលូ៥នេះ ពោរពេញទៅដោយ សំរាម និងភក់ ពិសេសកាកអំពៅ ត្រូវបានប្រជាពលរដ្ឋ ដឹកទៅទំលាក់ចូល ក្នុងប្រឡាយនេះតែម្តង។ ដូច្នេះ លោកសូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុន ប្រមូលសំរាម បានកំណត់ កុំបោះសំរាមចូល ក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕/V-PC