​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ព្រះសង្ឃ​ចិន​ព្រះនាម ជី ស័ង បាន​សម្លឹង​មើល​សុនខ​អនាថា​មួយ​ក្បាល ហើយ​យក​ស្បង់​ចីពរ​របស់​ព្រះអង្គ​ធ្វើជា​ពូក​និង​ឆត្រ​សម្រាប់​ជ្រក​ភ្លៀង​ឱ្យ​វា​។​

​សុនខ​អនាថា​មួយ​នេះ​ស្ថិតក្នុង​ចំណោម​សុនខ​ជាច្រើន​ក្បាល ដែល​ប៉ូលិស​ប្រមូល​ពី​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​សៀង​ហៃ​និង​ញាត់​ចូល​ក្នុង​ទ្រុង​ដែក​ដាក់​នៅក្នុង​តំបន់​ធុំក្លិន​ស្អុយ​គគ្រុក​មួយកន្លែង​។​

​កូន​ឆ្កែ​ជាង ២០ ក្បាល​ក៏​ត្រូវបាន​បញ្ចូល​ទៅក្នុង​ទ្រុង​ពណ៌​លឿង​។ ចំណែក​ឆ្កែ​មួយទៀត​ឃើញ​អូស​ចូលក្នុង​បាវ​។​

​ប៉ុន្តែ​ដោយ​មាន​អន្តរាគមន៍​ពី​ព្រះអង្គ​ជី ឆ្កែ​ទាំងអស់នេះ​នឹង​ត្រូវ​ដោះលែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។​

​ព្រះអង្គ​ជី​មិនមែន​ជា​អ្នក​ជួយសង្គ្រោះ​សត្វ​ធម្មតា​នោះ​ទេ​។​ព្រះអង្គ​គឺជា​អ្នកបួស​តាមបែប​ព្រះពុទ្ធសាសនា​ហើយនឹង​ផ្តល់​ឱ្យ​សត្វ​ឆ្កែ​ទាំងនេះ​នូវ​ជីវិត​ថ្មី​ទាំង​នៅ​វត្ត​ចាស់​របស់​ព្រះអង្គ​ឬ​នៅ​ជម្រក​​ដែល​ព្រះអង្គ​បាន​បើក​នៅក្នុង​ទីក្រុង​របស់​ចិន​មួយ​នេះ​។​

​ព្រះ​អង្គ​មាន​ឆ្កែ​ជិត ៨.០០០ ក្បាល​រួច​ហើយ​ដើម្បី​ចិញ្ចឹម​និង​ថែទាំ​។ នៅ​ទីបំផុត ឆ្កែ​ពីរ​បី​រយ​ក្បាល​នឹង​ត្រូវ​តាំង​ទីលំនៅ​ថ្មី​នៅ​អឺរ៉ុប​ឬ​អាម៉េរិក​ខាងជើង​។​

​ព្រះសង្ឃ​ព្រះជន្ម ៥១ វស្សា ដែល​ដោះ​ស្បង់​ចីពរ​ចេញ​បណ្តោះអាសន្ន​ដើម្បី​ស្លៀកពាក់​ឈុត​កម្មករ​ពណ៌​ទឹកក្រូច ដើម្បី​មើល​ថែ​ឆ្កែ បាន​មាន​សង្ឃដីកា​ថា “​អាត្មា​ត្រូវតែ​ជួយសង្គ្រោះ​ពួកវា ពីព្រោះ​ប្រសិនបើ​អាត្មា​មិន​ធ្វើ​ទេ ពួកវា​នឹង​ស្លាប់​ជាមិនខាន​”​។​

​ជំរុញ​ទឹកចិត្ត​ដោយសារ​ជំនឿ​សាសនាព្រះពុទ្ធ ព្រះអង្គ​ជី​បាន​ជួយ​សង្គ្រោះ​សត្វ​អនាថា​ដូចជា​ឆ្កែ​ឆ្មា​និង​សត្វ​ដទៃទៀត​ចាប់តាំងពី​ឆ្នាំ ១៩៩៤ ។​

​ការ​ចិញ្ចឹមសត្វ​អនាថា​បាន​ចាប់ផ្តើម​នៅ​ពេល​ព្រះអង្គ​ចាប់ផ្តើម​ព្យាបាល​ឆ្មា​ដែល​ឡាន​បុក​លើផ្លូវ​។ ព្រះ​អង្គ​មាន​សង្ឃដីកា​ថា នៅ​គ្រានោះ​មាន​សត្វ​អនាថា​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​នៅ ៤ ឬ ៥ ឆ្នាំ​ចុងក្រោយ​នេះ​គឺ​មាន​ច្រើន​សម្បើម​ណាស់​៕

ព្រះអង្គ​ជី​មាន​សត្វ​អនាថា​ចិញ្ចឹម ៨.០០០ ក្បាល