​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហង្ស វណ្ណៈ នៅ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​បទល្មើស ឆបោក​ប្រា​ក់ជាង ២ ម៉ឺន​ដុល្លារ រត់​ការចូល​ក្របខ័ណ្ឌ មន្ត្រី​នគរបាលជាតិ តែ​មិនបាន​សម្រេច កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ត្រូវបាន​តុលាការ សម្រេច​មិន​ឃុំខ្លួន រួច​ដោះលែង​អោយមាន​សេរីភាព ឡើងវិញ ។​

​លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ សាលាដំបូង រាជធានី​ភ្នំពេញ ថ្លែងប្រាប់​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នេះ ថាៈ លោក សាន្ត ប៊ុនធឿន ចៅក្រម​ជំនុំជម្រះ បានសម្រេច​បើកសវនាការ មុន​អង្គសេចក្តី និង​សម្រេច​មិន​ឃុំខ្លួន លោក ហង្ស វណ្ណៈ តាម​ការស្នើសុំ របស់​ខាង​អយ្យការ ។​

​ទន្ទឹមនេះ តាម​ប្រភពព័ត៌មាន ដោយឡែក​មួយទៀត បាន​ប្រាប់ថាៈ នៅមាន​ជនរងគ្រោះ ជា​បន្តបន្ទាប់​ទៀត កំពុង​រៀបចំ​ពាក្យបណ្តឹង ប្តឹង​លោក​ផ្កាយ ២ ហង្ស វណ្ណៈ បន្ថែមទៀត រឿង​រត់​ការចូល​ក្របខ័ណ្ឌ មន្ត្រី​នគរបាលជាតិ តែ​មិនបាន​សម្រេច ដូចគ្នានេះដែរ ។​

​មជ្ឈដ្ឋាន​មួយចំនួន សង្ឃឹមថា ថ្នាក់ដឹកនាំ នៃ​ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​អំពី​ឥរិយាបថ ក៏ដូចជា សកម្មភាព​ប្រព្រឹត្ត​បទល្មើស របស់លោក​ផ្កាយ​២ ហង្ស វណ្ណៈ ផងដែរ ។​

​គួររំលឹកថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហង្ស វណ្ណៈ ត្រូវបាន​កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូនមក​តុលាការ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នេះ ពាក់ព័ន្ធ​បទល្មើស ឆបោក​ប្រា​ក់ជាង ២ ម៉ឺន​ដុល្លារ រត់​ការចូល​ក្របខ័ណ្ឌ មន្ត្រី​នគរបាលជាតិ តែ​មិនបាន​សម្រេច ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហង្ស វណ្ណៈ បច្ចុប្បន្ន រស់នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​លោក ហង្ស វណ្ណៈ ជាប់ចោទ​ពីបទ «​ឆបោក​» ប្រព្រឹត្ត​នៅ​ចំណុច ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​មិច សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៦ តាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហង្ស វណ្ណៈ បាន​រង​នូវ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ប្តឹង​ចោទប្រកាន់ថា បាន​យកលុយ​គេ ចំនួន ២២.០០០ ដុល្លារ​មេ​រិ​ក ទៅ​រត់​ការចូល បម្រើ​ការងារ ជា​មន្ត្រី​នគរបាលជាតិ ប៉ុន្តែ​មិនបាន​សម្រេច តាម​ការសន្យា ពោលគឺ ស៊ីដាច់​ប្រាក់​ទាំងនេះ និង ថែមទាំង​គេចវេស មិន​ជួយ​ដោះស្រាយ ជាមួយ​ម្ចាស់​ប្រាក់​ទៀតផង ទើប​គេ​ប្ដឹង​មក​តុលាការ តែម្តង ៕/V​