​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សិង្ហ​បុរី​និង​វៀតណាម​បាន​ឯកភាព​គ្នា​ពន្លឿន​ការបង្កើត​ក្រុម​ការងា​រ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​កិច្ចព្រមព្រៀង​ទ្វេភាគី​ស្តី​ពី​សេដ្ឋកិច្ច​ឌីជីថល​។​

​ក្រសួងការបរទេ​សសិ​ង្ហ​បុ​រីបាន​និយាយថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក វី​វៀន បា​ឡា​គ្រី​សណាន់ បាន​ជួប​ជាមួយ​សម​ភាគី​វៀតណាម​លោក ប៊ុយ ថាញ់​សុន កាលពី​ថ្ងៃ​ចន្ទ​ទី​២១ មិថុនា​ហើយ​រដ្ឋមន្ត្រី​​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លើ​ការទទួលស្គាល់​គ្នា​ទៅវិញទៅមក​នូវ​វិញ្ញាបនប័ត្រ​សុខភាព​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ត​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​បណ្ឌិត​បា​ឡា​គ្រី​សណាន់​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​តាម​ការអញ្ជើញ​របស់​លោក​សុន​។ ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រដ្ឋមន្ត្រី​សិង្ហ​បុរី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ចាប់​តាំងពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩​បានចាប់ផ្តើម​។

​ខណៈ​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​សិង្ហ​បុរី​និង​វៀតណាម​ទាំង​ទ្វេភាគី​និង​ក្នុង​កម្រិត​អាស៊ាន រដ្ឋមន្ត្រី​ទាំងពីរ​បាន​កត់សម្គាល់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សារៈសំខាន់​នៅលើ​វិស័យ​ជាច្រើន​ទៀត​និង​​បាន​ព្រមព្រៀង​ពង្រីក​វា​ទៅ​ក្នុង​វិស័យ​កំពុង​រីកចម្រើន​ថ្មីៗ​ដូចជា​សេដ្ឋកិច្ច​ឌីជីថល សន្តិសុខ​អ៊ី​ន​ធឺ​ណេត ថាមពល​ស្អាត ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ទីក្រុង​ឆ្លាត​។​

​ក្រសួងការបរទេ​សសិ​ង្ហ​បុ​រីបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តី​ពី​ការវិវត្ត​អន្តរជាតិ​និង​តំបន់​និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​អព្យាក្រឹតភាព​របស់​​អាស៊ាន​និង​ការរួបរួម​គ្នា​ដើម្បី​លើកកម្ពស់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​”​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បណ្ឌិត​បា​ឡា​គ្រី​សណាន់​និង​លោក​សុន​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​បន្ត​ស្តីពី​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​និង​កម្មវិធី​អប់រំ​ប្រតិបត្តិ​សម្រាប់​មន្ត្រី​​ជាន់ខ្ពស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣ ផងដែរ​៕

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រីស​ណាន់ជួប​រដ្ឋមន្ត្រីការបរទេ​សវៀត​ណាមលោក ប៊ុយ ថាញ់​សុន នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១ មិថុនា