ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមមន្ត្រីបាននិយាយថាទាហានមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយកងជីវពលស៊ីវិលដែលប្រឆាំងនឹងរបបយោធាប្រដាប់ដោយអាវុធខ្នាតតូចនិងគ្រាប់បែកដៃនៅក្នុងទីក្រុងធំទី ២ របស់ប្រទេសនេះនៅថ្ងៃអង្គារទី២២មិថុនា ដោយបាតុករ៤ នាក់ត្រូវបានសម្លាប់និងសមាជិកសន្តិសុខជាច្រើននាក់រងរបួស។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពាសពេញប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ខណៈប្រជាជនបានបង្កើត “កងកម្លាំងការពារជាច្រើនក្រុម”ដើម្បីប្រយុទ្ធប្រឆាំងនឹងការបង្ក្រាបដ៏ឃោរឃៅរបស់យោធាទៅលើក្រុមប្រឆាំង ប៉ុន្តែការប៉ះទង្គិចគ្នាឥឡូវមានតែនៅតាមតំបន់ជនបទប៉ុណ្ណោះ។
ក្រុមព័ត៌មានរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោយទទួលបានតម្រុយ កម្លាំងសន្តិសុខបានឆ្មក់ចូលផ្ទះមួយនៅសង្កាត់ចាន់ម៉ាថាស៊ីនៃទីក្រុងម៉ាន់ដាឡៃនៅព្រឹកថ្ងៃអង្គារនេះ ហើយបានពើបប្រទះជួបជាមួយនឹងការបាញ់កាំភ្លើងនិងការគប់គ្រាប់បែកដៃ។
សេចក្តីថ្លែងការណ៍បាននិយាយថា “សមាជិកសន្តិសុខមួយចំនួនបានរងរបួសធ្ងន់ធ្ងរ” នៅក្នុងការប្រយុទ្ធគ្នានេះ ដោយបន្ថែមថា “ភេរវករ” ចំនួន ៤ នាក់ត្រូវបានសម្លាប់និង ៨ នាក់ទៀតត្រូវបានចាប់ខ្លួន ដោយរឹបអូសបានទាំងគ្រាប់មីនកែច្នៃ គ្រាប់បែកដៃ និងអាវុធតូចៗជាច្រើនដើម។
យោងតាមអង្គការឃ្លាំមើលក្នុងស្រុកបានឱ្យដឹងថា ការបះបោរទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសានស៊ូជី បានជួបនឹងការបង្ក្រាបដ៏សាហាវពីយោធា ដែលបានសម្លាប់ជនស៊ីវិលជាង ៨៧០ នាក់៕
ទាហានមីយ៉ាន់ម៉ាសម្លាប់បាតុករ៤នាក់ និងចាប់ខ្លួនជាច្រើននាក់ក្នុងការបង្ក្រាបនៅទីក្រុងម៉ាន់ដាឡៃ