ដោយៈ សុផល / ភ្នំពេញៈ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បានដាក់​ចេញ​ផែនការ​អភិវឌ្ឍ រយៈពេល​វែង ក្រោយ​ឆ្នាំ ២០៣០ ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព នៃ​ការផ្តល់សេវា ជូន​អតិថិជន ក្នុងនោះ​រួមមាន គម្រោង​កសាង ចំណត​កុងតឺន័រ​ទី​៤ ប្រវែង ១.៣០០ ម៉ែត្រ គុណ​នឹង ៥៥០ ម៉ែត្រ ចំណត​កុងតឺន័រ​ទី​៣ ប្រវែង ១.០៥០ ម៉ែត្រ គុណ​នឹង ៥៥០ ម៉ែត្រ ចំណត កុងតឺន័​រថភ្លើង ប្រវែង ២៥០ ម៉ែត្រ គុណ​នឹង ១.៧០០ ម៉ែត្រ អភិវឌ្ឍន៍​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច ៥៤ ហិកតា និង​តំបន់​គយ​ត្រួតពិនិត្យ​ទំនិញ ប្រវែង ៦៥០ ម៉ែត្រ គុណ​នឹង ២០០ ម៉ែត្រ​។​

​ដោយឡែក ផែនការ​អភិវឌ្ឍ រយៈពេល​ខ្លី ឆ្នាំ​២០១៧-២០២៥ កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ មាន​ផែនការ​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ ចំណត​កុងតឺន័រ ជម្រៅ ១៤,៥ ម៉ែត្រ ក្នុងនោះ គម្រោង​កសាង​កំពង់ផែ ទឹក​ជ្រៅ ចំណត​កុងតឺន័រ ជំហាន​ទីមួយ ប្រវែង ៣៥០ ម៉ែត្រ ជំហាន​ទី​ពីរ ប្រវែង ៣០០ ម៉ែត្រ និង​ជំហាន​ទី​បី ប្រវែង ៣០០ ម៉ែត្រ​។​

​គួរ​កត់សម្គាល់ថា កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បាន​ចូល​ទីផ្សារ មូល​ប​ត្រ​កម្ពុជា បោះផ្សាយ លក់​ភាគហ៊ុន បាន​បញ្ចុះតម្លៃ ១០% នៃ​តម្លៃ​សេវា​លើកដាក់​កុងតឺន័រ និង​បាន​អភិវឌ្ឍ​ចំណត កំពង់ផែ​ពហុ​បំណង​។​

​ដោយឡែក ទាក់ទង​ការងារ​អាជីវកម្ម និង​ហិរញ្ញវត្ថុ ឆ្នាំ​២០២០ ធៀប​នឹង​ឆ្នាំ​២០១៩ វិញ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ មាន​ទំនិញ​ឆ្លងកាត់ ចំនួន ៦.៦០១.៨០៤ តោន កើនឡើង 0,៨៣% បរិមាណ​នាវា​ឆ្លងកាត់ មាន​ចំនួន ១.៥៨២ គ្រឿង ថយចុះ ៤,៨១% បរិមាណ​កុងតឺន័រ​ឆ្លងកាត់ មាន​ចំនួន ៦៤១.៨៤២ TEUs កើនឡើង​០,៤១% និង​ចំណូល​សរុប មាន​ចំនួន ៣១១.៨១៣.៧៦៩ .០០០ រៀល ថយចុះ​ចំនួន​៧%​។​

​ទាក់ទង​នឹង​វឌ្ឍនភាព កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​គណៈកម្មការ​ទី​៩) នៃ​រដ្ឋសភា និង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ គណៈប្រតិភូ​ចម្រុះ ចុះ​ពិនិត្យ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​នេះ​។​

​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងយល់​ពី សកម្មភាព​ការងារ ជាក់ស្តែង ក្នុងការ​ដឹកជញ្ជូន ការលើកដាក់​ទំនិញ នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ និង​សកម្មភាព អភិវឌ្ឍន៍​នានា​ផងដែរ​៕/V​