ដោយៈ​សុផល​/​ភ្នំពេញ​៖ នៅថ្ងៃនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​បានប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​គ្រោះ ថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​និង​ការខាតបង់​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ទាំងនេះ​ដោយ​ប្រើប្រាស់​ទិន្នន័យ​ឆ្នាំ​២០១៩​ដែល​បាន​ពី​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុង​ឆ្នាំ​២០១៩ នៅ​កម្ពុជា​មានការ​រងរបួស​ជិត ១៣.៧០០ ករណី និង​ការបាត់បង់ ជីវិត​ជាង ២.០០០ ករណី​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជា​មធ្យម​មាន​មនុស្ស ៤ ឬ​៥ នាក់​បាត់បង់​ជីវិត​រៀងរាល់​ថ្ងៃ​។ កត្តា​នេះ​ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ក្លាយ ជា​មូលហេតុ​នាំមុខគេ នៃ​ការបាត់​បង់ជីវិត និង​ការរង​របួស​នៅក្នុង ព្រះរាជាណាចក្រ​នេះ​។ ចំនួន​ករណី​បាត់​បង់ជីវិត​ដែល​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ជិត ២៥​ភាគរយ នៅក្នុង​រយៈពេល​១១ ឆ្នាំ​ចុង​ក្រោយនេះ (២០០០-២០១៩) ពោលគឺ​ខ្ពស់ជាង​អត្រាកំណើន​ប្រជាជន ដែល​ស្មើនឹង ១៧​ភាគរយ​សម្រាប់​រយៈពេល​ដូចគ្នា​។​

​របាយការណ៍​នេះ​បង្ហាញថា អ្នក​បាត់​បង់ជីវិត ៣ ភាគ ៤ គឺជា​អ្នកបើក​ទោចក្រយានយន្ត បន្ទាប់មក​ថ្មើរជើង អ្នកប្រើប្រាស់​រថយន្ត​គ្រួសារ និង​អ្នកប្រើប្រាស់​យានយន្ត​ដឹកទំនិញ​។ ក្នុងចំណោម​យានយន្ត​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ ចរាចរណ៍​ទាំងអស់​ដែល​បាន​ចុះបញ្ជី​មាន​ជាង ៨០​ភាគរយ គឺជា​ទោចក្រយានយន្ត​។ ករណី​បាត់​បង់ជីវិត​ភាគ ច្រើន​កើតឡើង​នៅតាម​ផ្លូវជាតិ និង​នៅក្នុង​រាជធានី​។​

​នៅពេលដែល​គេ​ធ្វើការ​វាយតម្លៃ​លើ​ករណី​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ផ្លូវ​គឺជា​កត្តា​ចម្បង​។ ក្នុង​របាយការណ៍​នេះ​បង្ហាញថា នៅពេលដែល​យើង​ត្រួតពិនិត្យ​កត្តា​ដទៃទៀត​អថេរ​ធំជាងគេ​ដែល​ពាក់ព័ន្ធ​នឹង​ការបាត់​បង់ជីវិត​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្កឡើង​ដោយសារ «​កត្តា​ចំនួន​៤ ដែលនាំឱ្យ​មានការ​បាត់​បង់ជីវិត​» រួមមាន ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ការបើកបរ​ល្បឿន​លឿន ការមិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការប្រើប្រាស់​ទូរស័ព្ទ ពេល​កំពុង​បើកបរ​។ កំហុស​របស់​មនុស្ស​រួមចំណែក​នាំឱ្យមាន​គ្រោះថ្នាក់​ប្រមាណ ៩៨​ភាគរយ ហើយ​គ្រោះថ្នាក់​១៦​ភាគរយ នាំឱ្យមាន​ការបាត់បង់​ជីវិត​។

​របាយការណ៍​នេះ​រំលេច​ឲ្យ​ឃើញ​ពី​ភាពចាំបាច់​ក្នុងការ​ឆ្លើយតប​ជាបន្ទាន់​។ ករណី បាត់បង់​ជីវិត​ជាង ៨០​ភាគរយ កើតឡើង​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។ ជនរងគ្រោះ​ត្រឹមតែ ៣៥​ភាគរយ តែប៉ុណ្ណោះ​ដែល​បានទទួល​សេវា​សង្គ្រោះ​បឋម ដែល​ថយចុះ ២៤​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៨​។ លើសពីនេះ​មាន​ជនរងគ្រោះ​ត្រឹមតែ ១០​ភាគរយ តែប៉ុណ្ណោះ​ដែល បាន​ទៅដល់​មន្ទីរពេទ្យ​ក្រោម ៣០ នាទី ខណៈពេល ដែល​ជនរងគ្រោះ​ភាគច្រើន ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាងហោចណាស់ ១ ម៉ោង​ក្រោយពេល​រងគ្រោះថ្នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បង្ក​ជា​បន្ទុក​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។​UNDP​និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានធ្វើការ​ប៉ាន់ប្រមាណ​ឡើងវិញ​ពី​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ជា​លើកទីមួយ​ក្នុង​រយៈពេល ១០ ឆ្នាំនេះ និង​បាន​រកឃើញថា មានការ​ខាតបង់​ចំនួន ៤៦៦,៨​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៩ ស្មើនឹង ១,៧​ភាគរយ នៃ​ផលិតផល​សរុប (​ផ​.​ស​.​ស​) ប្រចាំឆ្នាំ​។ ក្នុងចំណោម​ការខាតបង់​សរុប​៨៨,៨​ភាគរយ ជាការ​ខាតបង់​ដោយសារ​ការបាត់បង់ ជីវិត​និង​ការបាត់បង់​ប្រាក់ចំណូល​ដែល​ជនរងគ្រោះ​អាច​រកបាន​ពេញ​មួយជីវិត​។​ក្នុងនាម​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​បច្ចុប្បន្ន​បញ្ហា​ស្លាប់ និង​ឈឺ​ថ្កាត់ ដែល​កម្ពុជា​ជួបប្រទះ គឺជា​អ្វីដែល​កើតមាន​ទន្ទឹមគ្នា​នឹង​ការកើនឡើង​នៃ​កម្រិត​អភិវឌ្ឍន៍ របស់​ប្រទេស​។

​របាយការណ៍​នេះ​ផ្តល់​ជា​អនុសាសន៍​ឱ្យមាន​ការឆ្លើយតប​ក្នុង​ទម្រង់​ជា​គោលនយោបាយ​ជាច្រើន​ដូចជា​ការ​ព​ន្លឿ​ន​ការរៀបចំ​គោលនយោបាយ និង​ការពង្រឹង​ការប្រមូល ទិន្នន័យ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ជាពិសេស​ផ្តោតលើ​កត្តា​ទាំង ៤​ដែលនាំឱ្យ​មានការ​បាត់​បង់ជីវិត ដូច​រៀបរាប់​ខាងលើ ការបង្កើន​ការយល់ដឹង និង​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នកបើកបរ និង​ការអនុវត្ត​វិធានការ​ដើម្បី​ឆ្លើយតប​ចំពោះ​ស្ថានភាព​បន្ទាន់​។​

​លោក និក បេ​រ៉េ​សហ្វ​ត (Nick Beresford) នាយក UNDP ប្រចាំ​កម្ពុជា​បាន​លើក ឡើង​ថា នេះ​ជា​លើក​ទី ១ ដែល​ការវិភាគ​ស៊ីជម្រៅ​បែបនេះ​ត្រូវបាន​ធ្វើឡើង ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែលមាន​ទំហំ​ធំ បែបនេះ ហើយ​ការវិភាគ​នេះ​បាន​ផ្តល់ឱ្យ យើង​នូវ​ការយល់ដឹង​ស៊ីជម្រៅ​ពាក់ព័ន្ធ នឹង​ករណី​បាត់​បង់ជីវិត​នៅតាម​ដងផ្លូវ​។ លោក​បាន គូសបញ្ជាក់ថា “​វា​មិនមែន​ពាក់ព័ន្ធ នឹង​ថា​តើ​ជនរងគ្រោះ​ជា​ជន​វ័យក្មេង ឬ​ជា​បុរស​នោះ ឡើយ​ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​ការ ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ការមិន​គោរព​ច្បាប់ ចរាចរណ៍​និង​ការប្រើប្រាស់ ទូរស័ព្ទ​ពេល​បើកបរ​។ ជារួម​វា​ពាក់ព័ន្ធ​នឹង​ឥរិយាបថ របស់​អ្នក​ដែលជា​កត្តា​កំណត់ ពី​ការបាត់​បង់ជីវិត​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​”​។​

​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គ លេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មានប្រសាសន៍ ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ព័ត៌មាន​ផ្សេងៗ ក្នុង​របាយការណ៍ រួមជាមួយ​លទ្ធផល​នៃ​ការសិក្សា​អំពី​ការខាតបង់​សេដ្ឋកិច្ច គឺជា​ធាតុ​ចូល យ៉ាងសំខាន់​សម្រាប់​ការដាក់ចេញ​នូវ​វិធានការ​ស័ក្តិសិទ្ធិ និង​តម្រង់ ទិស​គោលនយោបាយ របស់​រដ្ឋ និង​របស់​អង្គការ​ជាតិ អន្តរជាតិ វិស័យ​ឯកជន ដែលមាន​សមានចិត្ត​ក្នុង​ការជួយ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា កាន់​តែមាន​មូលដ្ឋាន​រឹងមាំ​បន្ថែម​ដើម្បី​សហការ រួមចំណែក​ទប់ស្កាត់​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នកស្លាប់ និង​អ្នករបួស​។ លោកជំទាវ​បាន​បន្ដថា ការសហការ​រួមចំណែក​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ នេះ គឺ​ឆ្លើយតប សមស្រប​ទៅនឹង​មូលហេតុ ទីតាំង ពេលវេលា និង​ការខាតបង់​សេដ្ឋកិច្ច​ដោយ​គ្រោះ ថ្នាក់​ចរាចរណ៍ តាមរយៈ​សកម្មភាព​និង​បេសកកម្ម​ពាក់ព័ន្ធ រួមទាំង​ការបន្ត​រឹត បន្តឹង​ការអនុវត្ត​ច្បាប់ ការកែលម្អ​លក្ខខណ្ឌ​បច្ចេកទេស​ផ្លូវ​ស្ពាន ពិសេស​ការអប់រំ​ផ្សព្វ ផ្សាយ​ជាដើម៕/PC/សរន