ដោយៈ សុ​ផានី​តា​/កោះកុងៈ ក្រុម​ក្មេង​ឈាមរាវ​មាន​គ្នា​ប្រមាណ​៥​ទៅ​១០​នាក់ បាន​ប្រើ​អំពើហិង្សា​កាប់​ចាក់​គ្នា​យ៉ាង​ចាស់ដៃ​បណ្តាលឱ្យ​ម្នាក់​ស្លាប់​នៅនឹងកន្លែង។ រីឯ​ជនបង្ក​កំពុង​រត់​គេចខ្លួនបាត់​ស្រមោល​ទាំងយប់​។​​ករណី​ក្មេង​មាន​ជម្លោះ​រហូត​ឈានដល់​ធ្វើឱ្យ​គូ​រប​ដិ​បក្ខ​ស្លាប់​នេះ កើតឡើង​នៅ​កាល​ពីម៉ោង​ជាង១០​​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​ទល់មុខ​សាលារៀន​សាមគ្គី​ឯកជន​ក្បែរ​សាលាសង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។​

​បើតាម​សមត្ថកិច្ច​ជំនាញបានឱ្យដឹងថា យុវជន​ដែល​ស្លាប់​ឈ្មោះ លី​ម៉ា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា មុខរបរ​ជា​កម្មករ បាន​រងរបួស​ចំ​កណ្តាល​ក្បាល​ចំនួន​ពីរ​កន្លែង និង​លើ​ដងខ្លួន​ចំនួន​៤​កន្លែង​។ រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ប៉ាក់ រ៉ាវុធ អាយុ ១៩ ឆ្នាំ រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​ទីលំនៅ​ភូមិ​ពាម​ក្រសោប​ជាមួយ​អ្នកស្លាប់​។​

​​នគរបាល បង្ហាញ​ជាបឋម​ថា តាម​ការសាកសួរ​និង​ពិនិត្យ​សកម្មភាព​អំពើហិង្សា​ក្នុងកា​មេ​រ៉ា​សុវត្ថិភាព ជនសង្ស័យ​មាន​គ្នីគ្នា​៥​ទៅ​១០​នាក់ ។ក្រោយ​ស្លាប់​មនុស្ស​រួច ពួកគេ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​ភ្លាមៗ​ដែរ​។ ករណី​ឃាត​កម្មនេះ​គេ​នៅ​ពុំទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងបើក​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​ក្រុម​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕​សរន