ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ ខណៈដែល​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រីក្រសួង ការបរទេស​កម្ពុជា និង​អង់គ្លេស​បានចាប់ផ្តើម​ជា​ផ្លូវការ​នៅថ្ងៃនេះ កម្ពុជា​រំពឹងទុក​ថា ការនាំ​ទំនិញ​ចេញទៅ​កាន់​ទីផ្សារ​អង់គ្លេស​នឹងមាន​កំណើន​ល្អ​បន្ថែមទៀត​ដោយសារ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ និង​ទទួលបាន​ការគាំទ្រ​ព​អង់គ្លេស​លើ​ការ អនុគ្រោះ​ពន្ធ​នៃ​ការនាំចេញ បន្ទាប់ពី​អង់គ្លេស​ចាក់​ចេញពី​សហ​គម​ន៍​អឺរ៉ុប​។​

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អង់គ្លេស មាន​ភាពល្អប្រសើរ​ណាស់​ចាប់តាំងពី​មុន​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​មកម្ល៉េះ ក្នុងនោះ បន្ទាប់​ការចាកចេញ​របស់​អង់គ្លេស រដ្ឋាភិបាល​តាមរយៈ​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា អង់គ្លេស​នៅតែ​បន្ត​ភាពអនុគ្រោះ​សម្រាប់​ការនាំចេញ របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​របស់ខ្លួន​។​

​លោក​បាន​បន្តថា ទាក់ទិន​ការនាំចេញ​នាំចូល​របស់​ប្រទេស​ទាំងពីរ នៅមាន​សភាព ជាធម្មតា ដូច​កាល​អង់គ្លេស​នៅក្រោម​សហគមន៍​អឺរ៉ុប ដែល​បញ្ហា​នេះ​គឺជា​ចំនុច ល្អប្រសើរ​មួយ ដោយ​មើលឃើញថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺ​ប្រ​ព្រិ​ត្តិ​ទៅដោយ​រលូន និង​មានការ​យោគយល់​គ្នា​។​

​ដោយឡែក លោក កាំ​ង ម៉ូ​នី​ការ អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា (GMAC) បាន​និយាយថា សម្រាប់​ការនាំចេញ​វិស័យ​កាត់ដេរ​និង​សម្លៀក បំពាក់​ក្នុង​រយៈ​ត្រីមាស​ទី​១ ឆ្នាំ​២០២១​នេះ មានការ​ថយចុះ​បន្តិចបន្តួច​គ្រា​ដែល​ក្នុង ខែមេសា​បាន​ងើប​ឡើងវិញ​ខ្លះៗ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ លោក​សង្ឃឹម ថា នាពេលខាងមុខ ទីផ្សារ​នាំចេញ​របស់​កម្ពុជា​នឹង​នៅតែ​ល្អប្រសើរ​ខណៈដែល កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី​(GSP)​សម្រាប់​ការនាំចេញ​។

​គិត​ត្រឹម​រយៈពេល ៥​ខែ ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អង់គ្លេស គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ជាង ២៥៨​លាន​ដុល្លារ​អាម៉េរិក ថយចុះ​ជាង ១៧​ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០២០ ក្នុងនោះ​ការនាំ​ចេញពី កម្ពុ​ជាមាន​ចំនួន​ជាង ២៣៩​លាន​ដុល្លារ​។ ដោយឡែក ការនាំ​ចូល​ពី​អង់គ្លេស​មក​កម្ពុជា ចំនួន​សរុប​ប្រមាណ​ជាង ១៨​លាន​ដុល្លារ​៕​/PC