ដោយៈ បាយ័ន / សៀមរាបៈ បុរសម្នាក់ ជាបុគ្គលិកអចលនទ្រព្យ បានបើកឡាន តូយ៉ូតាព្រូស ជិះគ្នា ៣ នាក់ គេចពីម៉ូតូរ៉ឺម៉ក បើកបរយ៉ាងលឿន បុកចូលទៅក្នុងផ្ទះ វេរលុយអ៊ីម៉ានី បណ្ដាលឱ្យ រងការខូចខាត ទ្វារកញ្ចក់ និងទូរទស្សន៍ អស់ចំនួន ៣ គ្រឿង។ ករណីនេះ បានកើតឡើង នៅវេលាម៉ោងជាង ១០ ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវ ចាក់បេតុង ក្រោយផ្សារលើធំថ្មី (ផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់នៅ កន្លែង កើតហេតុថាៈ ជនបង្កឈ្មោះ ប៊ិន ដូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាបុគ្គលិកផ្នែក អចលនទ្រព្យ ក្នុងក្រុងសៀមរាប មានស្រុកកំណើត នៅភូមិកំពង់ចន្លុះ ឃុំពាង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើកបររថយន្ត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ២០១០ មកពីទិសខាងត្បូង ហើយបត់ មកទិសខាងកើត បំរុងទៅផ្ទះ ។ នៅពេលមកដល់ ចំណុចកើតហេតុនេះជនបង្កបាន គេចពីម៉ូតូរ៉ឺម៉ក ហើយក៏បានបើកចូលផ្ទះវេរលុយ យីហោ អ៊ី ម៉ានី វីរៈ តែម្តង។
ប្រភពបានបញ្ជាក់ថាៈ ម្ចាស់តូបជួល មានឈ្មោះ ឈើត វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាអាជីវករវេរលុយ យីហោ អ៊ី ម៉ាន់នី វីរៈ រស់នៅភូមិចុងកៅស៊ូ សង្កាត់ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បច្ចុប្បន្ន ជនបង្ក និង ជនរងគ្រោះ បានត្រូវរ៉ូវគ្នា ចំនួន ១.០៥០ ដុល្លារ មានចំនួន២ តូបគឺៈ តូបទី១.ម្ចាស់វេរលុយ បានទារសំណង ចំនួន ១.០០០ ដុល្លារ និងតូបទី២. ម្ចាស់តូប ជាងជួសជុលទូរទស្សន៍ ដែលខូចខាតទូរទស្សន៍ អស់ចំនួន ៣ គ្រឿង ទារសំណង ចំនួន ៥០ ដុល្លារ ដើម្បីបញ្ចប់រឿង៕/V-PC