​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ចិន​មាន​ផែនការ​រក្សា​ការ​រឹតត្បិត​ព្រំដែន​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ទៀត ចំ​ពេល​មាន​ការភ័យខ្លាច​អំពី​ការលេចឡើង​វីរុស​បំ​ប្លែងខ្លួន​ថ្មីៗ​​និង​កាលវិភាគ​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​Wall Street Journal(WSJ)​កាលពី​ថ្ងៃ​អង្គារ​។​

​យោងតាម​ប្រភព​ដឹង​រឿងនេះ WSJ​បាន​និយាយថា ពេល​កំណត់​បណ្តោះអាសន្ន​នៅ​ឆមាស​ទី​២​ឆ្នាំ​២០២២​សំរាប់​ការបើក​ព្រំដែន​ឡើងវិញ ត្រូវបាន​កំណត់​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​។​

​ចិន​បាន​កាត់បន្ថយ​គមនាគមន៍​ជាមួយ​ប្រទេស​ដទៃ​យ៉ាងច្រើន នៅពេល​វីរុស​កូរ៉ូណា ដែល​បាន​លេចមុខ​ដំបូង​គេ​នៅ​ទីក្រុង​អ៊ូ​ហាន​ភាគ​កណ្តាល​ចិន​កាលពី​ចុងឆ្នាំ​២០១៩​រីក​រាលដាល​ទៅ​កាន់​កន្លែង​​ផ្សេងៗ​នៃ​ពិភពលោក​។​

​រដ្ឋធានី​ប៉េកាំង ត្រូវ​ទទួល​រៀបចំ​ធ្វើ​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២២ ដែល​នឹង​នាំ​អត្ត​ពលិ​ក​រាប់ពាន់​នាក់​មកកា​ន់​ប្រទេស​នេះ​។​

​អ្នកដំណើរ​មក​កាន់​ទី​ក្រុង​ប៉េកាំង មិន​ថា​សញ្ជាតិ​អី​ទេ ត្រូវ​ប្រឈម​វិធានការ​តំរូវ​ដ៏​ម៉ឺងម៉ាត់​មុន​ចេញដំណើរ រួម​មាន​ការធ្វើតេ​ស្តិ៍ជា​ច្រើនដង និង​អនុវត្ត​ច្បាប់​ចត្តា​ឡី​ស័ក​ពេល​ចូល​មក​ដល់​ប្រទេស​ចិន​។​ក្រុម​​ហ៊ុន​អាកាសចរណ៍ ទាំង​ចិន​និង​មិន​ចិន ក៏​ប្រឈម​ការផ្អាក​ផ្លូវ​ហោះហើរ​បណ្តោះអាសន្ន បើសិនជា​ពិនិត្យឃើញ​មាន​អ្នកដំណើរ​កើតកូ​វីដ​១៩​ពេលមកដល់​ចិន​។​

​ចំនួន​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ចិន​ឥឡូវ​ទាប​ជាង​ប្រទេស​ធំៗ​ដទៃ​ទៀត​ឆ្ងាយ​តែ​រដ្ឋាភិបាល​ចិន​ប្រុងប្រយ័ត្ន​ណាស់​អំពី​ហានិភ័យ​នៃ​ការឆ្លង​ធំ​ឡើង​ដោយសារតែ​បណ្តា​ទីក្រុង​ទីប្រជុំជន​របស់​ខ្លួន​មាន​មនុស្ស​​រស់នៅ​ណែនណាន់​។​

​នៅ​ថ្ងៃ​២៣​មិថុនា​នេះ ជើងហោះហើរ​ផ្ទាល់​ពី​ទីក្រុង​សិន​ចិន​មក​កាន់​ទីក្រុង​ប៉េកាំង​ត្រូវបាន​ផ្អាក​រហូត​យ៉ាងតិច​ក៏​ដល់​ថ្ងៃ​១​កក្កដា មុន​ចិន​ប្រារព្វ​ខួបកំណើត​គណបក្ស​កុំម្មុយនីស្ត​នៅក្នុង​រដ្ឋធានី​ប៉េកាំង​។​

​ខេត្ត​ក្វាង​ដុង ដែល​មាន​ប្រជាជន​ច្រើនជាងគេ​របស់​ចិន​កំពុង​ប្រយុទ្ធ​នឹង​ការផ្ទុះកូ​វីដ​១៩ ដោយ​មាន​ការឆ្លង​១៧០​នាក់​រវាង​ថ្ងៃ​២១​ឧសភា និង​២១​មិថុនា​។​ក្នុង​ចំនួន​នេះ ៨​នាក់​ត្រូវបាន​រកឃើញ​នៅ​ក្រុង​​សិន​ចិន និង​១៤៥​នាក់​ទៀត​នៅក្នុង​ទីក្រុង ក្វាង​ចូ​វ ដែល​ជា​ទីក្រុង​ធំ​របស់​ខេត្ត​៕

​បុរស​ម្នាក់​ត្រូវ​គ្រូពេទ្យ​តេ​ស្តិ៍​រក​កូ​វីដ​១៩​នៅ​ក្រុង​សិន​ចិន នៃ​ខេត្ត​ក្វាង​ដុង