ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កម្មវិធីស្តីពី “ការគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការ កសិកម្មអេកូឡូស៊ីនៅកម្ពុជាជំហាន ១” គឺជាគម្រោង បានទទួលហិរញ្ញប្បទាន ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជាប្រាក់កម្ចីចំនួន ៥៥លានអឺរ៉ូ និងពីសហភាពអឺរ៉ុប ជាប្រាក់ជំនួយ ចំនួន ១១.៥ លានអឺរ៉ូ) ដោយអនុវត្តរយ:ពេល ៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៣។
លោកបានបន្តថា កម្មវិធីនេះមានគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពងាយរងគ្រោះចំពោះប្រជាជននៅតំបន់ជនបទដោយ សារការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញនូវហេដ្ឋារចនាសមម្ព័ន្ធធារាសាស្ត្រ បម្រើឲ្យវិស័យកសិកម្មតាមរយៈវិធីសាស្ត្ររួមបញ្ចូលគ្នាក្នុងខ្សែច្រវាក់ផលិតកម្មតែមួយ នៃការគ្រប់គ្រងទឹក សេវាកម្មធនធានទឹក និងផលិតកម្មកសិកម្ម។
លោកបានបន្តថា គម្រោងនេះ មានសមាសភាព ៤ធំៗ ដូចជា ការស្តារឡើងវិញ និងការបំពេញបន្ថែមនូវហេដ្ឋារចនាសម្ពន្ធស្រោចស្រព, ការធ្វើឱ្យប្រសើរឡើងនូវការ គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការពង្រឹងសហគមន៍, ការត្រួតពិនិត្យ និងគ្រប់គ្រង ធនធានទឹក និងពង្រឹងគណៈកម្មកាអាងទន្លេ, និងការគាំទ្រដល់ការអនុវត្តកសិកម្ម ទំនើប ខ្សែច្រវាក់ផលិតកម្មស្រូវ និងពិពិធកម្មកសិកម្ម។
លោកបានបន្តថា ដើម្បីអនុវត្តសមាសភាពទាំង៤ នេះឲ្យសម្រេចបានជោគជ័យ ក្រុមកាងារបានសម្រេចផ្តល់ជំនួយបច្ចេកទេស ការធ្វើផែនការ និងការសម្របសម្រួល ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ /អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
មកដល់ពេលនេះ គម្រោងនេះ បានដំណើរការនូវកិច្ចការជាច្រើនដើម្បីជួយកសិករកម្ពុជា ៕/PC