ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នា​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ លោក អេ​ដ​វីន មានឈ្មោះ​ពិត យិ​ត មាស​ឧស្សាហ៍ អាយុ​២៦​ឆ្នាំ ដែលជា​តារា​សម្តែង​មួយរូប ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់ ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន របស់​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ដែរថា លោក អេ​ដ​វីន ត្រូវបាន​សមត្ថកិច្ច នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ មនុស្ស កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ២ និង​១៥​នាទី រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​មាន​ពាក្យបណ្តឹង របស់​ភាគី​នារី​រងគ្រោះ ជា​អតីត​សង្សារ គឺ​អ្នកនាង សុទ្ធ បញ្ច​កា ពាក់ព័ន្ធ​ករណី អំពើហិង្សា​យ៉ាង​ព្រៃផ្សៃ បង្ក​ឲ្យ​មាន​របួសស្នាម ជាច្រើន​កន្លែង និង​បំផ្លិចបំផ្លាញ នូវ​ទ្រព្យសម្បត្តិ​ក្នុង​លំនៅដ្ឋាន ជនរងគ្រោះ ស្នាក់នៅ ដែល​លំនៅដ្ឋាន​នេះ គឺជា​កម្មសិទ្ធិ​របស់​ម្តាយបង្កើត​ជន រងគ្រោះ​។​

​តាម​ពាក្យបណ្តឹង​របស់ អ្នកនាង សុទ្ធ បញ្ច​កា បាន​រៀបរាប់ថាៈ នៅ​ឆ្នាំ​២០១៤ ខ្លួន​បាន​រៀន​ចប់ អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​។ នៅ​ឆ្នាំ​២០១៥ ខ្លួន​បាន​រៀបការ ជាមួយ​បុរស​ម្នាក់ រហូត​បានកូន​ស្រី ២ នាក់​។ ដោយ​ការរស់នៅ មិន​ចុះសម្រុង​គ្នា នៅ​ឆ្នាំ​២០១៨ ខ្លួន​បាន​លែងលះ​ជាមួយ​ប្តី ដោយ​ចែក​កូនស្រី ម្នា​ក់មួយ​។ នៅ​ឆ្នាំ​២០១៩ ខ្លួន​បានចាប់ផ្តើម​ស្គាល់ យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ហើយ​ក៏បាន​ស្រឡាញ់គ្នា និង​រស់នៅ​ជាមួយគ្នា ដូច​ប្តី​ប្រពន្ធ ដោយ​ស្នាក់​នៅផ្ទះ​របស់ អេ​ដ​វីន​។ ក្នុងអំឡុងពេល រស់នៅ​ជាមួយគ្នា ពួកខ្លួន តែងតែ​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់​។ ពេលខ្លះ អេ​ដ​វីន បាន​ប្រើ​អំពើហិង្សា វាយដំ​មកលើ​ខ្លួន បណ្តាល​ឲ្យ​មាន​ស្នាក​ស្នាម ពេញ​ខ្លួន ផងដែរ​។ បើ​សរុបមក​ដល់ពេលនេះ គឺ​ចំនួន ៧ ដង​មកហើយ​។ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ រូប​ខ្លួន និង អេ​ដ​វីន បាន​ចែកផ្លូវ​គ្នា និង​លែង​រស់នៅជាមួយគ្នាជា​បន្តទៀត​។​

​ក្រោយ​បែក​គ្នា​បាន ៣​ថ្ងៃ អេ​ដ​វីន បាន​បង្ហោះ​សារ ជា​អក្សរ តាម​បណ្តាញ​សង្គម ថា​ខ្លួន​មាន សា​ហាយ ជាមួយ​អ្នកផ្សេង និង​មានការ​ជេរប្រមាថ មកលើ​រូប​ខ្លួន តែ​ខ្លួន​ឃើញ​ដូច្នោះ ក៏​មិន​តបត​ដែរ​។ ក្រោយមក​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ខ្លួន​បាន​ចូលទៅ​ស្នាក់នៅ ផ្ទះ​ម្តាយបង្កើត ក្នុង​បុរី​ឈូក​វ៉ា​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ០៤​និង​១០​នាទី ទៀបភ្លឺ ខ្លួន​បាន​វិលត្រឡប់ ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ និង​បាន​ពឹង​មិត្ត​ម្នាក់ ឈ្មោះ រតនា ជួយ​ជូន​ខ្លួន​មក​ផ្ទះ​។ ពេលនោះ​ខ្លួន​ស្រវឹង​ខ្លាំងពេក ក៏បាន​ចូលដេក ក្នុង​បន្ទប់ ។ លុះ​មួយសន្ទុះ​ក្រោយមក ខ្លួន​ក៏​ភ្ញាក់ឡើង ឃើញ​មិត្ត​ខ្លួន ឈ្មោះ រតនា កំពុងតែ​វាយ​គ្នា ជាមួយ អេ​ដ​វីន ហើយ អេ​ដ​វីន បាន​អុកឡុក បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ អស់​ជាច្រើន​។ ដោយមាន​ការ​ភ័យ​ស្លន់ស្លោរ មិនដឹង​ធ្វើ​យ៉ាងម៉េច ខ្លួន​ក៏បាន​បើកឡាន ចេញពីផ្ទះ​មួយ​ជុំ ក៏​ត្រឡប់មកវិញ ឃើញ​ពួកគេ​ទាំង ២ នាក់ ឈប់​វាយ​គ្នា ខ្លួន​ក៏​ហៅ អេ​ដ​វីន ឲ្យ​ចូល​ក្នុងផ្ទះ ស្រាប់តែ​អេ​ដ​វីន ទះ​ខ្លួន​ចំនួន ៣ ដៃ ហើយ​ច្រាន​ខ្លួន​ដួល​ទៅលើ​ឥដ្ឋការ៉ូ និង​ដកយក​ខ្សែក្រវាត់​របស់គាត់ មក​វាយ​លើ​រូប​ខ្លួន ជាច្រើន​ខ្សែក្រវាត់ ត្រូវចំ​ក្បាល ចំ​ដៃ ចំ​ខ្លួន ចំ​ជើង ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចុកចាប់​ជាខ្លាំង​។​

​ពេល​វាយ​មកលើ​ខ្លួន​រួចហើយ អេ​ដ​វីន បាន​ចាប់បង្ខំ ឲ្យ​ខ្លួន​រួមភេទ រហូត​បានសម្រេច ទាំង​ខ្លួន​កំពុងមាន​ស្នាមរបួស ពេញ​ខ្លួន បន្ទាប់មកចាប់​បោចសក់​ខ្លួន​អូស​ចុះ​ពីកាំជណ្តើរ ដាក់​លើ​ម៉ូតូ ដឹក​ទៅផ្ទះ​ម្តាយ​ខ្លួន មួយទៀត នៅ​ម្តុំ​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដើម្បី​ឲ្យ​អ្នកផ្ទះ​ខ្លួន​បានដឹង​។​

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ អ្នកនាង សុទ្ធ បញ្ច​កា បាន​ចូល​ដាក់ពាក្យ​បណ្តឹង នៅ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ប្តឹង​លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ថា​បានធ្វើ​សកម្មភាព​ហិង្សា មកលើ​ខ្លួនប្រាណ របស់​អ្នកនាង បណ្តាល​មាន​របួស ស្នាម​ធ្ងន់ធ្ងរ ថែមទាំង​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បណ្តាល​ឲ្យ​ខូចខាត អស់​មួយចំនួន​។​

​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ លោក យិ​ត មាស​ឧស្សាហ៍ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស ឃាត់ខ្លួន ហើយ​ក្នុង​ថ្ងៃ ជាមួយគ្នានេះ អ្នកនាង សុទ្ធ បញ្ច​កា ក៏បាន​ប្តូរ​ចិត្ត​សុំ​ដក​ពាក្យបណ្តឹង ឈប់​ប្តឹង​លោក អេ​ដ​វីន ដោយ​មិន​ទាមទារ​សំណង អ្វី​ទាំងអស់​។ ព្រមជាមួយ​គ្នា​នោះ លោក អេ​ដ​វីន នៅជាប់​បណ្តឹង របស់​ម្តាយបង្កើត​អ្នកនាង សុទ្ធ បញ្ច​កា ពីបទ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង​បណ្តឹង​របស់ ឈ្មោះ ហ៊ាង រតនា ពីបទ​បង្ក​របួសស្នាម ផង​នោះ សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ឈ្មោះ យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ទៅកាន់​តុលាការ ដើម្បី​ផ្តន្ទាទោស​។​

​ទោះបីជា​យ៉ាងនេះ​ក្តី អ្នកនាង សុទ្ធ បញ្ច​កា ក៏​មិនបាន​បញ្ឈប់​នូវ​បំណង​ដក​ពាក្យ បណ្តឹង វិញ​នោះដែរ ដោយ​អ្នកនាង បាន​ព្យាយាម ស្នើសុំ​ដក​ពាក្យបណ្តឹង​ម្តង​ហើយ ម្តងទៀត នៅ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​តែ​នៅ​ទីបំផុត លោក យិ​ត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន នៅតែ​ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ ពីបទ អំពើហិង្សា ប្រព្រឹត្ត​ដោយ សហព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន និង​បទ​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា និង​សម្រេច​ឱ្យ​ឃុំខ្លួន ជា​បណ្តោះអាសន្ន តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន លេខ​៖ ៤៤៣៥ “​ញ​”​ដ​.​ឃ​.​ដ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ របស់​សាលាដំបូង រាជធានី​ភ្នំពេញ​៕/V​-PC