​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ គ្រាប់​មិនទាន់​ផ្ទុះ ដែល​បន្សល់ទុក កាលពី​សម័យ​សង្គ្រាម ចំនួន​ជិត ១០០ គ្រាប់ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រទះឃើញ ខណៈដែល ក្រុមការងារ នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​ជីក ស្តារ​ប្រឡាយ​ម័ល នៅក្នុង​ភូមិសាស្ត្រ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែលមាន ប្រវែង​ជិត ៣ គីឡូម៉ែត្រ ដើម្បី​រំដោះ​ការលិចលង់ ភូមិដ្ឋាន​ប្រជាពលរដ្ឋ ដោយ​ជំនន់ ទឹកភ្លៀង នា​រដូវវស្សា​នេះ ហើយ​បាន​ប្រទះឃើញ គ្រាប់​ទាំងនេះ នៅ​បាត​ប្រឡាយ​។​

​លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ មិថុនា​នេះ​ថាៈ ក្រោម​ការណែនាំ របស់លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព ស្តារ​ប្រឡាយ​ម័ល ដោយ​ចាប់ផ្តើម​ស្តារ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រវែង ២.៨១៥ ម៉ែត្រ ទ​ទឺង​ចាប់ពី ២០ ម៉ែត្រ ទៅ ៣០ ម៉ែត្រ ចាប់ពី​ស្ថានីយ បូម​ទឹកលូ​៥ ដល់​ស្ថានីយ​បូមទឹក បឹងទំពុន ហើយ​បើ​គិត​មកដល់ ថ្ងៃទី​២៤ មិថុនា​នេះ ការងារ​ស្តារ ប្រឡាយ​ម័ល សម្រេចបាន ១.៦០០ ម៉ែត្រ​ហើយ ស្មើនឹង ៥៩,៩ ភាគរយ ដែល​គ្រោង នឹង​បញ្ចប់ នៅ​ចុងខែ​សីហា ឆ្នាំ​២០២១ ខាងមុខនេះ ដើម្បី​រំដោះ​ការលិចលង់ ភូមិដ្ឋាន​ប្រជាពលរដ្ឋ ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ​។​

​លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់​ថាៈ ប្រឡាយ​ម័ល​នេះ ពិត​ជាមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រំដោះ​ទឹក ពី​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ដោយបាន​រំដោះ​ទឹកភ្លៀង មួយផ្នែក​ខ្លះ នៃ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ ។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បើទោះបី​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​សកម្មភាព​ស្តារ និង​អភិវឌ្ឍន៍​មូលដ្ឋាន​រាជធានី នៅតែ​បន្ត​ដដែល មានន័យថា ដៃ​ម្ខាង​ធ្វើការ​អភិវឌ្ឍ និង​ដៃ​ម្ខាង​ទៀត បង្ការ​និង​ទប់ ស្កាត់​ជំងឺ​កូ​វីដ​-១៩៕/V​-PC