ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ បើតាមប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង មុខតំណែង វរៈអគ្គានុរក្ស ថ្នាក់លេខ២ លោក ព្រឿង រ៉េត ពីប្រធានការិយាល័យ រដ្ឋបាលសរុប ឡើងជា អនុប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ។
ស្របពេល ប្រធាន និងមន្ត្រីអង្គភាពនេះ បាននិងកំពុងពង្រឹងការងារ ការអប់រំកែប្រែ ស្តារនីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈនោះ ពិធីចូលកាន់មុខតំណែងនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា នៅនឹងទីតាំងពន្ធនាគារ ស្ថិតក្នុងភូមិ ទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
នៅក្នុងឱកាសនោះដែរ ឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានស្វាគមន៍ និងធ្វើរបាយការណ៍ថាៈ នាបច្ចុប្បន្ន ក្នុងពន្ធនាគារនេះ មានអ្នកជាប់ឃុំ ជាក់ស្តែង ១.៦៣៤ នាក់ / ស្រី ១០៣ នាក់ / អនីតិជន ៩០នាក់ / ទណ្ឌិត ៣៥១ នាក់ ក្នុងនោះពាក់នឹងករណី គ្រឿងញៀន ច្រើនជាងគេ ។
លោក អ៊ុង ស៊ីផាន បានបន្តថាៈ កន្លងមក ក៏ដូចជា បច្ចុប្បន្ន សម្រាប់ផែនការបន្ត អង្គភាពបានបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន មានការអប់រំកែប្រែ ស្តារនីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជជីវៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយក៏មានការងារ កសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធការងារសុខា ភិបាល ដែលប្រកបដោយការទទួលខុសត្រូវ។ ប៉ុន្តែ អង្គភាពប្រឈមនឹងខ្វះគ្រូបង្គោល មន្ត្រីមានតិច ខ្វះថវិកាបណ្តុះបណ្តះុបណ្តាល ខ្វះអគារឃុំឃាំង ដែលកំពុងឃុំ ឃាំងលើស ដែលពិបាក ដល់ការគ្រប់គ្រង និងទណ្ឌិតភាគច្រើន គឺបទល្មើស គ្រឿងញៀន ។
លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ក្នុងនាមតំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត លោកសូមចូលរួមជាថ្នាក់លើ ដែលបានផ្សារភ្ជាប់ផ្ទាល់ រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រី នៅអង្គភាពថ្នាក់ក្រោម និងលើកទឹកចិត្តអោយខិតខំ បន្តអនុវត្តការងារ អោយបានជោគជ័យថ្មីៗបន្ថែម ។
ឧត្តមឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ លោក សែម ស៊ីណង អគ្គនាយករងអគ្គនាយកដ្ឋាន ពន្ធនាគារ តំណាងលោក ឆែម សាវុធ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល តាមរយៈក្រសួង មហាផ្ទៃ បានធ្វើកំណែទម្រង់ ប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ដើម្បីធ្វើអោយប្រសើរឡើង នូវយុត្តិធម៌។
លោកបានណែនាំនូវវិធានការមួយចំនួន ដល់អនុប្រធានថ្មីរូបនេះ ក៏ដូចជា មន្ត្រីពន្ធនាគារនុរក្សទាំងអស់ សំដៅឆ្លើយតបនូវ ការផ្តល់ទំនុកចិត្ត និងការលើកទឹកចិត្ត ពីថ្នាក់លើ ក៏ដូចជា ការខិតខំប្រឹងប្រែងអនុវត្ការងារ ប្រកបដោយការទទួលខុសត្រូវ ក្នុងនោះ ត្រូវគោរពច្បាប់ស្តីពីពន្ធនាគារ គោរពក្រមសីលធម៌ មន្ត្រីរាជការ កងកម្លាំង សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ៕/V-PC