​ដោយៈ​សុផល / ភ្នំ​​ពេញៈ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ៨២ រូប​។

​របៀបវារៈ សម័យប្រជុំ​រដ្ឋសភា នាឱកាស​នេះ មាន​ចំនួន ៩ ។ ចំពោះ លទ្ធផល​សម័យប្រជុំរ​ដ្ឋ​សភា លើក​ទី​៦ នីតិកាល​ទី​៦ នាឱកាស​នេះ មាន​ដូចខាងក្រោម​៖
១- ព្រះរាជសារ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦
– សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អាន​ទាំងស្រុង នូវ​ខ្លឹមសារ នៃ​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រទាន ក្នុងឱកាស​បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦​។​

២- របាយការណ៍​សង្ខេប ស្តីពី​សកម្មភាព​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៦
– សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា ដើម្បី​កាត់បន្ថយ​រយៈពេល នៃ​សម័យប្រជុំ​រដ្ឋសភា នា​ថ្ងៃនេះ ក្នុង​គោលបំណង ចូលរួម​វិធានការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ សម្តេច​ប្រធានរដ្ឋសភា មិនបាន​អាន​របាយការណ៍​សង្ខេប​ទេ ដោយ​ប្រគល់​ភារកិច្ច ជូន​អគ្គលេខាធិការដ្ឋាន រដ្ឋសភា ចែកជូន​តំណាងរាស្ត្រ​ទាំងអស់ និង​ផ្សព្វផ្សាយ ជា​សាធារណៈ​។​

៣.​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អាន​នូវ​សេចក្តីប្រកាស​របស់​រដ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា – ទទួលស្គាល់​សុពលភាព នៃ​អាណត្តិ​របស់​បេក្ខជន ជាប់ឆ្នោត​តំណាងរាស្ត្រ នៃ​រដ្ឋសភា នីតិកាល​ទី​៦ ចំនួន ២​រូប គឺ​៖
– លោក ខឹម ច័ន្ទ​គី​រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ជំនួស​លោក ង៉ោ សុវណ្ណ ដែល​បាន​សុំលាលែង​។​
– លោក ម៉ែន កួន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ជំនួស លោក ប្រាជ្ញ ចន្ទ ដែល​បាន​សុំលាលែង​។​
​តំណាងរាស្ត្រ​ទាំងពីរ​រូប ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង ដោយ​ប្រគល់​ភារកិច្ច ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ទាក់ទង​ជាមួយ​ក្រសួងព្រះបរមរាជវាំង ដើម្បី​រៀបចំ​ពិធី​សច្ចាប្រណិធាន ជូន លោក ខឹម ច័ន្ទ​គី​រី តំណាងរាស្ត្រ​មណ្ឌលកណ្តាល និង​លោក ម៉ែន កួន តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ មុន​ចូលកាន់​តំណែង​។​

៤. អង្គសភា​បានធ្វើការ​បោះឆ្នោត​ទុកចិត្ត លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ដោយ​ទទួលបាន​សំឡេង ព្រម ចំនួន ៨២ សំឡេង​។​

៥. អង្គសភា បានធ្វើការ​បោះឆ្នោត​ជ្រើសតាំង លោកស្រី ពៅ សុភាព ជា​សមាជិក​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដោយ​ទទួលបាន​សំឡេង ព្រម ចំនួន ៨១ សំឡេង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជម្រាបជូន​អង្គសភា​ថា ដោយ​ប្រធាន និង​លេខាធិការ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា បាន​សុំលាលែង ដូច្នេះ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ត្រូវធ្វើ​ការប្រជុំ ដើម្បី​បោះឆ្នោត​ជ្រើសតាំង ប្រធាន និង​លេខាធិការ​ថ្មី​ជំនួស ដែលមាន​លទ្ធផល ដូចតទៅ​៖
១. លោក សរ ចំរុង ត្រូវបាន​ជាប់ឆ្នោត ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា​
២. លោក សួន រិនឌី ត្រូវបាន​ជាប់ឆ្នោត ជា​លេខាធិការ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ។​

៦- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់ – រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង អភិវឌ្ឍ ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ​។ សេចក្តីព្រាងច្បាប់​នេះ មាន ៣ មាត្រា​។​
-​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍ ជូន​អង្គសភា ពី​លទ្ធផល នៃ​ការពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​
-​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​នេះ​។​
​អង្គសភា បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ៨០ សំឡេង​។​

៧- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ ខ្សែបណ្តាញ បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅកាន់​ព្រំដែន កម្ពុជា​-​ឡាវ​។ – សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា ហើយ​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល នៃ​ការពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​។​
– លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​
-​អង្គសភា បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ៧៩ សំឡេង​។​

៨- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ធានា​លើ​ការទិញ ថាមពល​អគ្គិសនី ពី​ប្រទេស​វៀតណាម​។ សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា ។​
– កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​
-​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ សេចក្តីព្រាងច្បាប់​អង្គសភា​បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ៧៩ សំឡេង​។​

៩- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆាយ​ណា ណេ​សិ​នណល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ វា​រី​អគ្គិសនី​ស្ទឹង តា​តៃ​លើ អានុភាព ១៥០ មេ​ហ្កា​វ៉ា​ត់ ខេត្តកោះកុង​។ សេចក្តីព្រាងច្បាប់​នេះ មាន ៣​មាត្រា ។​
– កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍ ជូន​អង្គសភា ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​
– លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ សេចក្តីព្រាងច្បាប់​។​
– អង្គសភា បានអនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន ៧៩​សំឡេង​៕/V​