វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង វិទ្យាស្ថាន Zejiang Institute of Communication សហការ​លើ​ការបណ្តុះបណ្តាល​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​

121

​ដោយៈ​សុផល​/​ភ្នំពេញ​៖​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន​Zejiang Institute of Communication ប្រទេស​ចិន​បាន​ឯកភាពគ្នា សហការ​លើ​ការបណ្តុះ បណ្តាល ការផ្លាស់ប្តូរ​និស្សិត សាស្ត្រាចារ្យ និង អ្នកស្រាវជ្រាវ ទាក់ទង​នឹង​វិស័យ​សាធារណការ ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ជាមួយ វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១
​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Video Conference)​។​

​វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៥៨ នៃ​សាកលវិទ្យាល័យ Zejiang University និង​បាន​បណ្តុះបណ្តាល​សិស្ស​និស្សិត​លើ​ជំនាញ​បច្ចេកទេស​សរុប​ជាង ៤០​ជំនាញ ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​ចំនួន​៩ រួមមាន​៖ ដេ​ប៉ា​តឺ​ម៉​ង់​ផ្លូវថ្នល់​និង​ស្ពាន ដេ​ប៉ា​តឺ​ម៉​ង់​ផ្លូវទឹក ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ដឹកជញ្ជូន ដេ​ប៉ា​តឺ​ម៉​ង់​ដឹកជញ្ជូន​ឆ្លាត​វៃ និង​ដេ​ប៉ា​តឺ​ម៉​ង់​Rail Transit ។​ល​។​

​ជាមួយនឹង​ទំនាក់ទំនង និង​ភាពជា​ដៃគូ​នេះ វិទ្យាស្ថាន​ទាំងពីរ (TSIPWT និង ZJIC) បាន​ឯកភាពគ្នា​លើ​គោលការណ៍​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​លើ​ការអប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរ​វប្បធម៌ ការអភិវឌ្ឍ​កម្មវិធីសិក្សា ការផ្លាស់ប្តូរ​Credits​ទៅវិញទៅមក បង្កើត​Dual Degree Program, Internship Program ការផ្លាស់ប្តូរ​និស្សិត សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ ការផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ បណ្ណាល័យ ការបោះពុម្ព ការបង្កើត​សន្និសីទ​សារព័ត៌មាន និង​សិក្ខាសាលា និង​ការផ្លាស់ប្តូរ​ធនធាន ផ្សេងៗ​ទៀត​ជាដើម​។​

​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ លោក ហឿន សំនៀង​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​កាន់តែ​មានឱកាស​បន្ថែម​ទៀត ក្នុង​ការផ្ដល់​ចំណេះដឹង​ទាំង​ផ្នែក​បច្ចេកទេស និង​ទ្រឹស្តី​ដល់​និស្សិត​របស់​យើង ដើម្បី​ប្រែ​ក្លាយខ្លួនជា​អ្នកមាន​ជំនាញ​ច្បាស់លាស់ បទពិសោធន៍ និង​មាន​គុណធម៌ សីលធម៌ ដែល​អាចដឹកនាំ និង​អភិវឌ្ឍ​នៅក្នុង​សង្គម​បាន​នាពេល​អនាគត​។ វិទ្យាស្ថាន ក៏​នឹង​ផ្ដល់នូវ​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​ដល់​និស្សិត និង​ប្ដេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​យក​និស្សិត​ឆ្នើម និង​សាស្ត្រាចារ្យ​ល្អៗ ទៅ​ដកស្រង់​បទពិសោធន៍​ជាក់ស្តែង​នៅតាម​ការដ្ឋាន​ក្នុងស្រុក ក៏ដូចជា​បណ្តា​ប្រទេស​នានា​ដូចជា​៖ ប្រទេស​ចិន ជប៉ុន កូរ៉េ ដែលជា​ដៃគូ​សហការ​របស់​ក្រសួង​ផងដែរ​។​

​ទន្ទឹមនឹងនេះ វិទ្យាស្ថាន​តេ​ជោ​សែន សា​ធាណ​ការ និង​ដឹកជញ្ជូន គ្រោង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដទៃទៀត ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​បណ្តា​ក្រុមហ៊ុន​វិស័យ​ឯកជន និង​អង្គភាព​ស្ថាប័នរដ្ឋ សំដៅ​ជម្រុញ​ដល់​ការ​រួមគ្នា​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ​តាម​គម្រោង​ការដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រោម​ការចង្អុលបង្ហាញ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​កំពុង​ខិតខំ​បណ្តុះបណ្តាល​ដល់​និស្សិត​ទាំងអស់ ឱ្យក្លាយ​ខ្លួន ជា​វិស្វករ​កម្ពុជា នា​ថ្ងៃ​អនាគត​យ៉ាងពិត​ប្រាកដ មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​បន្ត​យកទៅ​អភិវឌ្ឍ​ខ្លួន សេដ្ឋកិច្ច សង្គម និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

​សូម​ជម្រាបជូន​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ រហូតមក និស្សិត​ចំនួន ១៩១​នាក់ បានចាប់ផ្តើម​ចូលរៀន​ថ្នាក់​សិក្សា​ឆ្នាំ​មូលដ្ឋាន​របស់ខ្លួន ជាមួយនឹង​ការបង្រៀន​ផ្ទាល់​ពី​បន្ទប់រៀន នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជៀសផុត​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​តាមដាន​នៅឡើយ​។​

​ចុងក្រោយ​ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំងពីរ បាន​អញ្ជើញ​សម​ភាគី​ទៅវិញទៅមក ឱ្យធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នា​ថ្ងៃ​ខាងមុខ​ឆាប់ៗ​នេះ ក្រោយពី​ស្ថានភាព​កូ​វីដ​-១៩ បាន​ធូរស្រាល ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ច​សហ ប្រតិបត្តិ​ការឱ្យ​កាន់តែ​ទូលាយ និង​ស៊ីជម្រៅ​ថែមទៀត​៕​