ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅរសៀលថ្ងៃទី២៤ ខែមិថុនា នេះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វីទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ។
នេះគឺជាជំនួបលើកដំបូង បន្ទាប់ពីលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជាទើបទទួលតំណែងថ្មីជំនួសលោកស្រី រ៉ូណា ស្មីត។
ចំណុចសំខាន់ៗ ចំនួន៣ ដែលប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លើកយកមកពិភាក្សារួមមានៈ១. វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអ.ស.ប. ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ពាក់ព័ន្ធបញ្ហានេះ លោក កែវ រ៉េមី បានបំភ្លឺនិងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការ ចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ១៩ផងដែរដោយផ្អែកលើការអនុវត្តវិធានការ ដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិរួមទាំងបរិបទ សង្គមរបស់កម្ពុជា។
ចំណុចទី៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។លោក កែវ រ៉េមីបានបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលរួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីលនិងសកម្មជនមួយចំនួនដែល បំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។
ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការនិងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស ។ ឯកឧត្តម កែវ រ៉េមី ក៏បានស្នើសុំផងដែរឱ្យអ្នករាយការណ៍ពិសេសធ្វើរបាយការណ៍និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា៕សរន