​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ផ្លរីដា ៖ ប្លុក​អគារ​ខុន​ដូ​ខ្ពស់ៗ​នៅ​ជិត​មាត់សមុទ្រ​ម៉ៃ​អា​មី​បាន​បាក់​រលំ​មួយ​ផ្នែក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មិថុនា ដោយ​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់​និង ៩៩ នាក់​ទៀត​មិន​បាន​រាប់បញ្ចូល​ថា​ស្លាប់​នោះ​ទេ ស្រប​ពេល​មាន​ការបារម្ភ​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ខ្ពស់ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​កាយ​កម្ទេចកម្ទី​អគារ​។​

​ចំនួន​មនុស្ស​ដែល​គេ​មិនដឹង​ត្រូវគេ​បារម្ភ​ថា​កំពុង​ដេក​លក់​នៅក្នុង​អគារ​កម្ពស់ ១២ ជាន់​ស្ថិតនៅក្នុង​សង្កាត់​សឺ​ហ្វ​សាយ នៅពេល​ការបាក់​រលំ​ពេល​យប់​បាន​ទាញ​អគារ​រាប​ដល់​ដី​មួយផ្នែក ដោយ​បង្ហាញ​ឱ្យឃើញ​ផ្នែក​ខាង​ក្នុងនៃ​ខុន​ដូ​ម្ខាង​ទៀត​ដែល​មិន​ដួលរលំ​។​

​លោក នី​កូឡាស ហ្វើ​ណង់​ដេ​ស អាយុ ២៩ ឆ្នាំ​ជា​ប្រជាជន​អា​ហ្សង់​ទី​ន​រស់នៅ​ទីក្រុង​ម៉ៃអា​មី ដែល​មិន​ទាន់​បាន​ទទួលដំណឹង​ពី​មិត្តភក្តិ​ដែល​ស្នាក់នៅ​មួយ​យប់​នៅក្នុង​បន្ទប់​ក្រុមគ្រួសារ​របស់​គាត់​នៅក្នុង​អគារ​នោះ បាន​និយាយថា “​ផ្នែក​ម្ខាង​នៃ​អគារ​បាន​ដួលរលំ​ទាំងស្រុង​។ វា​លែង​មាន​ទៀត​ទេ​”​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ខ្ញុំ​មិនដឹង​ពី​ស្ថានភាព​ពួកគេ​ទេ​។ ខ្ញុំ​មិនដឹងថា​តើ​ពួកគេ​នៅរស់​ឬ​អត់​នោះទេ​”​។​

​ប៉ូលិស​បាន​និយាយថា ពួកគេ​នៅតែ​មិនទាន់​ទទួលបាន​ដំណឹង​ពី​មនុស្ស ៩៩ នាក់ ដែល​ប្រហែល​ស្ថិត​នៅ​ខាងក្នុង​ប្លុក​ផ្ទះ​ខុន​ដូ នៅពេល​ដែល​វា​ដួល​រលំ​។​

​លោក ហ្វ្រេដ​ឌី រ៉ា​មី​រ៉េ​ស ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ម៉ៃ​អា​មី បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​ការដួលរលំ​អាច​បណ្តាលមកពី​ហេតុផល​ផ្សេងៗ​គ្នា យើង​នៅ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ​”៕

​រូបភាព​លើ​អាកាស​បង្ហាញ​អគារ​ខុន​ដូកម្ពស់​១២​ជាន់​ដែល​ដួលរលំ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​