ប្រែសម្រួល : កញ្ញាដាលីស ៖ សហព័ន្ធបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL)បានពិន័យគ្រូបង្វឹកប្រេស៊ីលចំនួន ៥.០០០ ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ទី២៤មិថុនាពីបទរិះគន់ការរៀបចំការប្រកួត Copa America។
ការដាក់ទណ្ឌកម្មនេះបានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីកីឡាករបូលីវីម្នាក់ត្រូវបានដាក់ទណ្ឌកម្មផងដែរសម្រាប់ការវាយប្រហារការប្រកួតនេះ ដែលកំពុងធ្វើឡើងចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់បន្ទាប់ពីម្ចាស់ផ្ទះដើមពីរគឺកូឡុំប៊ីនិងអាហ្សង់ទីនបានដកខ្លួនចេញ។
លោកទីតេបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១២ មិថុនាថា Copa America ត្រូវបានផ្លាស់មកលេងនៅប្រទេសរបស់គាត់ក្នុង “លក្ខណៈច្របូកច្របល់”។ សហព័ន្ធ CONMEBOL បានជ្រើសតាំងប្រេស៊ីលជាម្ចាស់ផ្ទះតិចជាងពីរសប្តាហ៍មុនពេលការប្រកួតចាប់ផ្តើម។
CONMEBOL បាននិយាយថា សហព័ន្ធបាល់ទាត់ប្រេស៊ីលមិនអាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តប្រឆាំងនឹងលោកទីតេបានទេ។
លោក អេឌូអាដូ ហ្គ្រោស ប្រោន ប្រធានគណៈកម្មការវិន័យរបស់ CONMEBOL បានបន្ថែមថា លោកទីតេអាចរងនូវការពិន័យថ្មី ប្រសិនបើគាត់រិះគន់អ្នករៀបចំការប្រកួតម្តងទៀត។
លោកទីតេបានរិះគន់ CONMEBOL កាលពីថ្ងៃពុធ បន្ទាប់ពីជ័យជម្នះ ២-១ របស់ប្រេស៊ីលលើកូឡុំប៊ីនៅទីក្រុងរីយ៉ូ។
លោកបាននិយាយថា “ខ្ញុំនឹងមិនហៅទីលាននេះថាយ៉ាប់នោះទេប៉ុន្តែវាអន់ខ្លាំងណាស់សម្រាប់លេងបាល់ទាត់ វាប៉ះពាល់ដល់ទស្សនីយភាពទាំងមូល។ អ្នកដែលមានឆន្ទៈលេងឱ្យបានល្អ គឺធ្វើមិនបានទេ។ ពេលវេលារៀបចំ Copa America គឺខ្លីណាស់។ វាមិនអាចទទួលយកបានទេដែលកីឡាករមកពីពីរក្រុមដែលមានកម្រិតលេងខ្ពស់ ដែលលេងជាមួយទីលានដ៏អស្ចារ្យនៅអឺរ៉ុប បែរជាមកទីនេះដើម្បីលេងនៅលើទីលានបែបនេះ”៕
លោកទីតេត្រូវបានផាក ៥.០០០ ដុល្លារពីបទរិះគន់ CONMEBOL