ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ ប្រជា​សហគមន៍ ត្មាត​ប៉ើយ បាន​ងាក​មក​ចិញ្ចឹម​គោ​វិញ ក្រោយពី​បាន​បោះបង់ មុខរបរ​ខុសច្បាប់ មានដូចជា ការ​បរបាញ់​, ដាក់​អន្ទាក់​សត្វព្រៃ និង​កាប់​ឈើ​លក់ នាពេល​កន្លងទៅ ។ សហគមន៍​តំបន់ការពារធម្មជាតិ «​ត្មាត​ប៉ើយ​» ស្ថិតនៅក្នុង​ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក ឌឹ​ម គឹ​អោន ប្រធាន​សហគមន៍​នេះ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋ ជិត ៤០០ គ្រួសារ រស់នៅក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ “​ត្មាត​ប៉ើយ ” នៃ​ខេត្តព្រះវិហារ បាននាំគ្នា​សម្រេចចិត្ត បោះបង់​មុខរបរ​ចាស់ គឺ​ការ​បរបាញ់​, ដាក់​អន្ទាក់​សត្វព្រៃ និង​កាប់​ឈើ​លក់ កន្លងមក ហើយ​ងាក មក​ចាប់យក មុខរបរ​ថ្មី​វិញ គឺ​ការចិញ្ចឹម​គោ ដែល​អាចជួយ​ឱ្យ​ពួកគាត់ រកប្រាក់​ចំណូល​បាន សម្រាប់​ទ្រទ្រង់ ក្នុង​ជីវភាព ។​

​លោក ឌឹ​ម គឹ​អោន បាន​អះអាងថាៈ មុខ​របរចិញ្ចឹមគោ គឺជា​ជម្រើស​មួយ ដ៏​ល្អប្រសើរ សម្រាប់ ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ ត្មាត​ប៉ើយ​។ លោក​យល់ឃើញថាៈ ការចិញ្ចឹម​គោ គឺជា​មុខរបរ​ថ្មី​មួយ ដែល​ស្រប​នឹង​ច្បាប់ ។ រីឯ សមាជិក នៅក្នុង​សហគមន៍ ក៏​អាច​រកប្រាក់​ចំណូល​បាន ចាប់ពី ៨​លាន ទៅ​១០​លាន រៀល ក្នុង ១​ឆ្នាំ ថែម​ទៀតផង​។ មុខ​របរចិញ្ចឹមគោ​នេះ បាន​កាត់បន្ថយ ការពឹង​អាស្រ័យ លើ​មុខរបរ​ចាស់ ដែល​ពួកយើង ភាគច្រើន តែង​ធ្លាប់​នាំគ្នា​ចូល​ព្រៃ បរបាញ់ ការដាក់​អន្ទាក់ ចាប់​សត្វព្រៃ និង​ការកាប់​ឈើ​។​ល​។​

​លោក​បាន​បន្តថាៈ សហគមន៍​តំបន់ការពារធម្មជាតិ «​ត្មាត​ប៉ើយ​» មាន​សមាជិក ៣៧៥ គ្រួសារ ដែល​ក្នុងនោះ មានគ្រួសារ ៣៩ ភាគរយ ដែល​បាន​ប្រកប​របរចិញ្ចឹមគោ នាពេល​កន្លងមក និង​មាន គោ​សរុប ១.៣១៤ ក្បាល បើ​គិត​ជា​មធ្យម ក្នុង​មួយ​គ្រួសារ មាន​គោ ៩ ក្បាល ដែល​សុទ្ធសឹង ជា​ពូជគោខ្មែរ​។​

​លោក​បាន​បន្តទៀតថាៈ នៅក្នុង​តំបន់​សហគមន៍ បាន​គ្របដណ្តប់​ទៅដោយ​វាលស្មៅ ដែល​ដុះ​ក្នុងព្រៃ​ល្បោះ​ដ៏​ធំ ធ្វើឱ្យ​ការចិញ្ចឹម​គោ មាន​លក្ខណៈ​ងាយស្រួល និង​ទទួល បាន​ផល ចំណេញ​ច្រើន ដោយ​លោក រំពឹងថា នឹង​អាច​ទាក់ទាញ​សមាជិក​ជាច្រើន ទៀត នៅក្នុង​សហគមន៍ ឱ្យ​បោះបង់ចោល នូវ​មុខរបរ​ចាស់​ហើយ​ងាក​មក​ចាប់ យកមុខ​របរ​ថ្មី គឺ​ការចិញ្ចឹម​គោល​ក់​។ ព្រោះ​ចិញ្ចឹម​គោ មាន​ទីផ្សារ​គ្រប់គ្រាន់​ហើយ​មាន អ្នកទិញ មកដល់​ទីកន្លែង សម្រាប់​នាំយក ទៅ​កាប់សាច់​លក់ ដើម្បី​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ នាពេល​បច្ចុប្បន្ន​៕/V​-PC