ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ មនុស្សប្រមាណ២៣០.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានិងអំពើហិង្សានៅមីយ៉ាន់ម៉ា ក្នុងឆ្នាំនេះ និងត្រូវការជំនួយ នេះបើតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
មីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិចាប់តាំងពីរដ្ឋប្រហារថ្ថៃ១កុម្ភៈ ក្រោយការបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតមួយដែលនាំអោយផ្ទុះការតវ៉ាប្រឆាំងនឹងរបបយោធានៅទូទាំងប្រទេស ការសម្លាប់មនុស្សនិងការបំផ្ទុះគ្រាប់បែក ព្រមទាំងផ្ទុះការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធរបស់ក្រុមជនជាតិភាគតិច រួមទាំង”កងកម្លាំងការពារប្រជាជន”ដែលទើបបង្កើតឡើងថ្មី។
ការិយាល័យអង្គការសហប្រជាតិសំរាប់ការសម្របសម្រួលការងារមនុស្សធម៌ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះកំពុងត្រូវធ្វើឡើងតែត្រូវរារាំងរំខានដោយការប៉ះទង្គិចគ្នាដោយអាវុធ អំពើហិង្សានិងអសន្តិសុខក្នុងប្រទេស។
វាបាននិយាយថា មនុស្ស១៧៧.០០០នាក់បានភៀសខ្លួននៅក្នុងរដ្ឋការ៉េនជាប់ថៃ នៅពេលជាង២០.០០០នាក់ទៀតផ្លាស់ទីលំនៅក្នងជីនជាប់ឥណ្ឌា ដោយសារការប្រយុទ្ធគ្នារវាងយោធានិងយុទ្ធជនក្នុងកងកម្លាំងការពារប្រជាជន។
មនុស្សរាប់ពាន់នាក់ទៀតក៏បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅក្នុងរដ្ឋកាជីនជាប់ព្រំដែនចិននិងរដ្ឋសាន៕
ជនស៊ីវិលមីយ៉ាន់រត់ចេញពីភូមិរបស់គេដែលមានការប្រយុទ្ធគ្នាហើយចូលមកក្នុងខេត្តតាក ប្រទេសថៃកាលពីថ្ងៃ០១មិថុនា