ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យ ចាប់ផ្តើមមានមណ្ឌល ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ឬមណ្ឌលឆៀកអចល័តថ្មី ហើយដាក់ឱ្យ ដំណើរការ សាកល្បង ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តទៅ។
យោងសេចក្តីជូនដំណឹង លេខ៥២៨ សក. បជ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត (មណ្ឌលឆៀកអចល័ត) របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វើហ៊ិឃល អ៊ិនស្ពេចសិន ខមភេនី (Cambodia Motor Vehicle Inspection Company Ltd ) ដាក់ឱ្យដំណើរការសាកល្បង ដែលមានទីតាំង ក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សេចក្តីជូនដំណឹង បានបន្តថាៈ ” មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយ មានជ័យ សូមជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាម្ចាស់ យានយន្ត ដែលមិនទាន់បានត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ឬធ្លាប់បានត្រួតពិនិត្យ រួចហើយ អស់សុពលភាព ឱ្យបានជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាត ដាក់ឱ្យដំណើរការសាកល្បង មណ្ឌលឆៀកអចល័តថ្មី ដែលមានទីតាំង ស្ថិតនៅបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ៣៧២ ក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តទៅ” ៕/V-PC