​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​លោក តូ​ស៊ី​មី​តស៊ូ ម៉ូតេ​ហ្គី បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី ២៥ មិថុនា​នេះ​ថា ជប៉ុន​នឹង​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន AstraZeneca មួយ​លាន​ដូស​បន្ថែម​ទៀតដ​ល់កោះ​តៃវ៉ា​ន់​និង​វៀតណាម​។​

​លោក​បាន​បន្ថែមទៀតថា ការរៀបចំ​កំពុង​ធ្វើឡើង​ដើម្បី​បញ្ជូន​វ៉ាក់សាំង AstraZeneca មួយ​លាន​ដូ​ស​ទៅ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​។​

​លោក​ម៉ូតេ​ហ្គី​ក៏​បាន​និយាយ​ផងដែរ​ថា ជប៉ុន​នឹង​ចាប់ផ្តើម​ផ្គត់ផ្គង់​ចំនួន ១១ លាន​ដូ​សសរុប​ដល់​តំបន់​នា​នា​រួមមាន​តំបន់​អាស៊ីអាគ្នេយ៍​តំបន់​អាស៊ី​និរតី​និង​បណ្តា​កោះ​ប៉ាស៊ីហ្វិក​តាមរយៈ​មជ្ឈមណ្ឌល​​ចែកចាយ​វ៉ាក់សាំង Covax ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ចាប់ពី​ពាក់កណ្តាល​ខែ​កក្កដា​។​

​កាលពីដើម​ខែ​នេះ ជប៉ុន​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន ១,២៤ លាន​ដូសដល់​កោះ​តៃវ៉ាន់ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​បាន​ផ្តល់​វ៉ាក់សាំង​ចំនួន ២,៥ លាន​ដូសដល់​កោះ​ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់​ខ្លួន​។​

​លី​ទុយ​អា​នី​ក៏​នឹង​បរិច្ចាគ​វ៉ាក់សាំង​ចំនួន ២០.០០០ ដូ​ស​ដល់​កោះ​តៃវ៉ាន់​ផងដែ​រ​៕

​បុគ្គលិក​ពេទ្យ​កំពុង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់​