​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ មិថុនា​ថា ក្រសួងការបរទេស​អាម៉េរិ​ក​បាន​យល់ព្រម​លើ​លទ្ធភាព​លក់​យន្តហោះ​ចម្បាំង F-16 ក៏ដូចជា​មី​ស៊ី​ល Sidewinder និង Harpoon ឱ្យទៅ​ហ្វីលីពីន​ក្នុង​កិច្ចព្រមព្រៀង​ចំនួន ៣ ដាច់ដោយឡែក​ពីគ្នា​ដែល​មាន​តម្លៃ​សរុប​ជាង ២,៥ ពាន់​លាន​ដុល្លារ​។

​ហ្វីលីពីន​កំពុង​ស្វែងរក​យន្តហោះ​ចម្បាំង​ពហុ​មុខងារ​ថ្មី​មួយ ហើយ​កំពុង​វាយតម្លៃ​យន្តហោះ F-16 និង​លើ​យន្តហោះ SAAB Abs Gripen និង​យន្តហោះ​ដទៃទៀត​។​

​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ស្នើ​សុំ​ទិញ​យន្តហោះ F-16C Block 70/72 ចំនួន ១០ គ្រឿង​និង​យន្តហោះ F-16D Block 70/72 ចំនួន ២ គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ការនាំ​ចេញ​កញ្ចប់​អាវុធ​ទាំងនោះ​ដែល​រួមមាន​ទាំង​គ្រឿងបន្លាស់​និង​ការបណ្តុះបណ្តាល មាន​តម្លៃ​រហូត​ដល់​ទៅ ២,៤៣ ពាន់​លាន​។​

​ទោះបី​មាន​ការយល់ព្រម​ពី​ក្រសួង​ការបរទេស​ក៏ដោយ ក៏ប៉ុន្តែ​ការជូនដំណឹង​នេះ​មិន​បាន​បង្ហាញថា កិច្ចសន្យា​ត្រូវបាន​ចុះហត្ថលេខា​ឬ​ការចរចា​បាន​ចប់​ជា​ស្ថាពរ​នោះ​ទេ​។​

​ជារឿយៗ​ក្នុងអំឡុងពេល​ប្រកួតប្រជែង ក្រសួងការបរទេស​នឹង​អនុម័ត​ការនាំចេញ​អាវុធ​សិន មុន​ពេល​អ្នក​ឈ្នះ​ត្រូវ​បាន​ប្រកាស​ឈ្មោះ​៕

យន្តហោះ​ចម្បាំង F-16 របស់​អាម៉េរិក​ចត​នៅ​ម៉ា​រ៉ុកក្នុង​លំហាត់​សមយុ​ទ្ធមួយ​កាលពី​ថ្ងៃទី​១៤​មិថុនា​២០២១​