ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី២៥ខែមិថុនានេះបានបង្ហោះសារ តាមផេកហ្វេសបុកផ្លូវការដោយបង្ហាញរូបភាពធាក់កង់ហាត់ប្រាណនៅភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅខេត្តកណ្តាលចំនួន៦សន្លឹកជាមួយសំណេរថាក្នុងរយៈ ពេលនៃការធ្វើចត្តាឡីស័កសម្តេចមិនអាចចេញពីផ្ទះទៅវាយកូនគោលបានទេដូចនេះការហាត់ប្រាណដោយការធាក់កង់ជាជម្រើសដ៏ល្អសម្រាប់សម្តេច ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា៖« ថ្ងៃនេះជាថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ ។ ការធ្វើចត្តាឡីស័កលើកនេះចំពេលបាល់ទាត់អឺរ៉ុប ។យប់មើល បាល់ពេលព្រឹកធ្វើការពេលល្ងាចហាត់ប្រាណដោយការធាក់កង់ ។ ជារៀងរាល់ថ្ងៃខ្ញុំធាក់កង់រយៈពេល៨០ទៅ១២០នាទី។ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កខ្ញុំ មិនអាចចេញពីផ្ទះទៅវាយកូនគោលបានទេដូចនេះការហាត់ប្រាណដោយការធាក់កង់ជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន»។
គួររំលឹកជូនថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ខ្លួនធ្វើចត្តាឡីស័ករយៈ ១៤ ថ្ងៃ កាលពីសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រាល់កម្មវិធី និងជំនួប ជ្សេងៗត្រូវបានសម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលទាំងអស់ ទាំងការជួបផ្ទាល់ ទាំងការជួបតាមប្រព័ន្ធវីដេអូ រួមទាំងការជួបពិភាក្សាការងារជា មួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ដោយសារតែសម្តេចបានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ហើយ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់ ។ ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ គឺចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១រហូត ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១៕