​ប្រែ​សម្រួលៈ​វាសនា​/​បា​ម៉ាកូ​៖ បេសកកម្ម​អង្គការសហប្រជាជាតិ​បាន​និយាយថា ទាហាន​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន​១៣​នាក់ រួមមាន​១២​នាក់​សញ្ជាតិ​អាឡឺម៉ង់ និង​ម្នាក់​ជា​បែ​ល​ហ្សិ​ច បាន​រងរបួស​នៅ​ម៉ាលី​ខាងជើង​ដោយសារ​ការផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ នៅពេល​យោធា​ម៉ាលី​បាន​និយាយថា ទាហាន​របស់ខ្លួន​៦​នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ការវាយប្រហា​រដាច់​ដោយឡែក​​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​។​

​ការវាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​ផ្តោត​លើ​មូលដ្ឋាន​បណ្តោះអាសន្ន​មួយ​របស់​ទាហាន​ថែរក្សា​សន្តិភាព​នៅ​ជិត​ភូមិ អ៊ី​ចា​ហ្កា​រ៉ា ក្នុង​តំបន់​ហ្កា​វ កន្លែង​ដែល​ពួក​បះបោរ​អ៊ីស្លាម​ធ្វើ​សកម្មភាព​។​

​អ្នកនាំពាក្យ​បេសកកម្ម​បាន​និយាយថា ទាហាន​អាឡឺម៉ង់​៣​នាក់​រងរបួស​ធ្ងន់ ដោយ​ម្នាក់​ត្រូវ​វះកាត់​។​

​ការវាយប្រហារ​ប្រដាប់អាវុធ​ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​និង​ក្រុម​ដទៃទៀត កើតមាន​ជា​ទូទៅ​នៅ​ទូទាំង​តំបន់​ធំ​ល្វឹងល្វើយ​របស់​ម៉ាលី​និង​នៅក្នុង​ប្រទេស​ក្បែរ​ខាង បួ​គី​ណា ហ្វា​សូ ព្រម​ទាំង​នៅ​នី​ហ្សេ​​ទោះ​ជា​វត្ត​មាន​ទាហាន​ថែរក្សា​សន្តិភាព​និង​ទាហាន​អន្តរជាតិ​រាប់ពាន់​នាក់​ទៀត​នៅក្នុង​តំបន់​នេះ​។​

​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​ម៉ាលី មានឈ្មោះ​ថា MINUSMA​បាន​ដាក់ពង្រាយ​ទាហាន​ជាង​១៣.០០០​នាក់​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​ក្រុម​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​និង​កណ្តាល​ប្រទេស​​នៅ​អាហ្វ្រិក​ខាងលិច​នេះ​៕

​អាឡឺម៉ង​បញ្ជូនទាហាន​១.១០០​នាក់​ទៅ​ចូលរួម​បេសកកម្ម​MINUSMA ភាគច្រើន​តាំងនៅ​តំបន់​ហ្កា​វ​