ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ អ្នកថតរូបកាសែតម្នាក់ដែលបានធ្វើដំណើរជាមួយគណៈប្រតិភូរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានទៅធ្វើទស្សនកិច្ចអាម៉េរិក ត្រូវបានពិនិត្យឃើញកូវីដ១៩ នេះបើតាមការជូនដំណឹងរបស់ការិយាល័យសុខាភិបាលសភាអាម៉េរិកកាលពីថ្ងៃសុក្រទី២៥មិថុនា។
លោកប្រធានាធិបតី អាសរ៉ាហ្វ ហ្កានី កំពុងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួប្រជុំជាមួយប្រធានាធិបតីអាម៉េរិកចូ បៃដិននិងដឹកនាំសភាអាម៉េរិកនៅពេលអាម៉េរិកត្រៀមដកកងទ័ពចុងក្រោយចេញពីអាហ្វហ្គានីស្ថាន។
ប្រភពព័ត៌មានបាននិយាយថា ទោះជាយ៉ាងណា អ្នកថតរូបវីដេអូរូបនេះមិនបានស្ថិតក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអាហ្វហ្គានីស្ថាននិងក្រុមមេដឹកនាំសភាអាម៉េរិកទេ តែបានចូលរួមក្នុងពិធីថតរូបរវាងលោកហ្កានី និងប្រធានសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី ។
ប្រភពព័ត៌មានបាននិយាយថា « ខាងយើងគ្រាន់តែដឹងថា គ្រប់គ្នាក្នុងគណៈប្រតិភូអាហ្វហ្គានីស្ថាន បានចាក់វ៉ាក់សាំងរួចរាល់ហើយ»។
យោធាអាម៉េរិកបានសំរេចការដកពលទាហានជាងពាក់កណ្តាលហើយចេញពីអាហ្វហ្គានីស្ថាន និងគ្រោងនឹងបញ្ចប់វានៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ជាហេតុនាំអោយមានការព្រួយបារម្ភអំពីលទ្ធភាពរបស់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការទប់ទល់នឹងការវាយប្រហាររបស់ក្រុមបះបោរតាលីបង់។គណៈប្រតិភូអាហ្វហ្គានីស្ថាននេះ កំពុងពិភាក្សាជាមួយមេដឹកនាំអាម៉េរិកអំពីសភាពការណ៍ក្រោយអាម៉េរិកដកទ័ព និងស្នើសុំជំនួយនិងការគាំទ្រខ្លួន៕
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកហ្កានី ជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កាលពីថ្ងៃសុក្រ