ដោយៈសុផល/ភ្នំពេញ៖ ខេត្តបាត់ដំបងដែលជាខេត្តជង្រុកស្រូវ និងមានសក្តានុពល មួយបានត្រូវជ្រើសរើសជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូប អាហារ» របស់អង្គការយូណេស្កូ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១នេះថា យោងតាមសំណើរបស់ក្រសួងទេសចរណ៍ និងដោយ មានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រមទាំងរដ្ឋបាល ខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបងចូលជាសមាជិក បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network)«ក្នុងប្រភេទ ទីក្រុងដែលមានភាពច្នៃប្រឌិត លើផ្នែកម្ហូបអាហារ»។
លោក រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបងដើម្បី ចូលជាសមាជិកបណ្តាញ ទីក្រុងនេះលើផ្នែក«ទីក្រុងដែលមានភាពច្នៃប្រឌិត លើផ្នែកម្ហូបអាហារ»ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។
ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់ អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់ របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។
គួរបញ្ជាក់ថា បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួនដែលជាកត្តា គន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
* បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន ២៤៦ នៅជុំវិញពិភពលោក ដែលចែកចេញជា ៧ ប្រភេទ ដែលរួមមាន៖
១. ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)
២. ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)
៣. ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)
៤.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)
៥. ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)
៦.ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature)
៧. ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។
ដោយឡែក នៅតំបន់អាស៊ានមានទីក្រុងចំនួន ៦ ក្នុងប្រទេសចំនួន ៤ដែលជា សមាជិកក្នុងបណ្តាញទីក្រុងរបស់ អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ, ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង (Bandung) និងទីក្រុងផេកាឡុងហ្កាន (Pekalongan), ប្រទេសសិង្ហបុរី មានទីក្រុង សិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ (Baguio)។ដូច្នេះហើយទើបកម្ពុជា ប្រឹងស្រវាស្រទេញដើម្បីបានដាក់ បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥៕/PC