ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងបាវិត តំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ បន្តចូលរួមមហាចលនាគ្រួសារខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ និងគោលដៅតែមួយ ក្រោមម្លប់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធាន។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយ “ផែនការសកម្មភាព សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមាន ការចូលរួមពី ក្រុមការងារគណបក្ស ចុះជួយសង្កាត់ទាំង៥ សមាជិក សមាជិកា គណៈកម្មាធិការ គណបក្សក្រុង និងគណៈកម្មាធិការ គណបក្សសង្កាត់។
ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ និងសហការី ក៏បានអញ្ជើញដំឡើង ប៉ាណូ គណបក្ស ជានិមិត្តរូប ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមុខ ទីស្នាក់ការគណបក្សសង្កាត់បាទី ក្រុងបាវិត៕/PC