ដោយៈ ទេពមង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANHUA QINGWEN JIAONANG ខុសច្បាប់ ក្រោយពី បានពិនិត្យឃើញ មានគណនី បណ្តាញសង្គមហ្វេសប៊ុក ចំនួន ៨ បានផ្សព្វផ្សាយលក់ ដោយភូតកុហក បោកប្រាស់ និងបំផ្លើស ហួសពីការពិត ដោយគ្មានមូលដ្ឋាន វិទ្យាសាស្ត្រត្រឹមត្រូវ ថាអាចព្យាបាលជំងឺកូវីដ-១៩ បានជាដើម…។ ក្រសួងសុខាភិបាល ក៏បានព្រមានប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការទិញ ឱសថបុរាណចិននេះ ក៏ដូចជា ឱសថបុរាណ ឬឱសថផ្សេងៗទៀត ដែលលក់តាមអនឡាញ គ្រប់ប្រភេទដើម្បីជៀស វាងការខាតបង់ ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់ អ្នកប្រើប្រាស់ និងព្រមាន ចាត់វិធានការ ដ៏តឹងរ៉ឹង ទៅតាមច្បាប់ ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមានចំពោះម្ចាស់គណនី ហ្វេសប៊ុក និងគណនីផ្សេងៗទៀត ពាក់ព័ន្ធនឹងករណីនេះ។
យោងសេចក្តីជូនព័ត៌មាន ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់ សាធារណជនទាំងអស់ឲ្យបាន ជ្រាបថាៈ យោងតាមការពិនិត្យឃើញ មានគណនី បណ្តាញសង្គមហ្វេសប៊ុក (Facebook) ចំនួន ៨ ឈ្មោះ៖ ១-Global Products , ២-សុខភាពប្រចាំថ្ងៃ , ៣-M-Online Shop G , ៤-JHRWS d , ៥-dynanos , ៦-Lianhua Qingwen Capsule , ៧ -R&N Supply 999 online shop , ៨-Morakot លក់អាកុលសុទ្ធ ១00% និងគណនីផ្សេងៗ មួយចំនួនទៀត រួមទាំងឱសថស្ថាន ឱសថស្ថានរង អគារលក់ ឱសថបុរាណមួយចំនួន កំពុងផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANHUA QINGWEN JIAONANG គ្មានលេខបញ្ជិកា និងគ្មានក្រុមហ៊ុន នាំចូលត្រឹមត្រូវ ព្រមទាំងកំពុងផ្សព្វផ្សាយ ភូតកុហក បោកប្រាស់ និងបំផ្លើស ហួសពីការពិត ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ត្រឹមត្រូវ ថាអាចព្យាបាលជំងឺ កូវីដ-១៩ បានជាដើម…។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការលក់ឱសថ ឬឱសថបុរាណ ក្នុងព្រះរាជា ណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលហើយតម្រូវ ឱ្យលក់ នៅក្នុងឱសថស្ថាន ឱសថស្ថានរង និងអគារលក់ឱសថបុរាណស្របច្បាប់ តែប៉ុណ្ណោះ។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថ ឬ ឱសថបុរាណ គ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបក វេចខ្ចប់ត្រឹមត្រូវ គឺមាន ២ផ្នែក ១-ផ្នែក ខាងលើ មានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ , ២-ផ្នែកខាងក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់ សាធារណជនជ្រាបថា បន្ទាប់ពីក្រសួង សុខាភិបាល បានទិញឱសថ ផលិតផល បំប៉នសុខភាព ឬឱសថបុរាណដែលលក់តាម ប្រព័ន្ធអនឡាញ មកធ្វើការត្រួតពិនិត្យគុណភាព បានពិនិត្យឃើញថា ផលិតផល ទាំងនោះ ភាគច្រើន ពុំអាចធានាបាន នូវគុណភាពបានឡើយ គឺជាផលិតផល មានគុណភាពមិនត្រឹមត្រូវ ឬក្លែងក្លាយទៀតផង។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមណែនាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ ការទិញ ឱសថបុរាណចិន LIANHA QINGWEN JIAONANG ក៏ដូចជា ឱសថបុរាណ ឬឱសថផ្សេងៗទៀត ដែលលក់តាមអនឡាញ គ្រប់ប្រភេទ ដោយត្រូវទិញឱសថ ឬឱសថបុរាណ ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាត្រឹមត្រូវ ពីតាមឱសថស្ថាន ឱសថស្ថានរង ឬអគារលក់ឱសថបុរាណ ស្របច្បាប់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ហ្វេសប៊ុក ខាងលើ និងគណនីផ្សេងៗទៀត ដែលបាននិងកំពុងនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថបុរាណចិន ខាងលើ ទៅតាមច្បាប់ ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។
ក្នុងករណីបងប្អូនសាធារណជន ត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាលតាមរយៈ ទូរស័ព្ទលេខ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤០១៧ ៦០៦ ៦៧០០១៧ ៨៦៦ ៧៦០ ៕/V-PC