ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ​ការពា​រ​ព្រំដែន​លេខ​២ មេបញ្ជាការ កងអនុសេនាតូច ការពារ​ព្រំដែន​លេខ​២ មេបញ្ជាការរង កងអនុសេនាធំ​ទី​២ យោធា​ការពារ​ព្រំដែន រួមទាំង​មេ​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន អូរ​ហ៊ុ​ច និង​មន្ត្រី​មួយចំនួន សរុប​ចំនួន ៧ នាក់ បាន​ត្រូវ​កងកម្លាំង មាន​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​សមគំនិត ឃុបឃិត​គ្នា ជាមួយ​ជនជាតិ​វៀតណាម បើកផ្លូវ​ឲ្យ​ចូលមក​កាប់​ឈើ ក្នុង​តំបន់​អូរ​ហ៊ុ​ច ដើម្បី​ដឹកជញ្ជូន​យកទៅ ប្រទេស​វៀតណាម និង​បទល្មើស​ព្រៃឈើ នៅតាម​បន្ទាត់​ព្រំដែន (​អូរ​ហ៊ុ​ច​) ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ការចាប់ខ្លួន​នេះ ដោយ​ក្រុមការងារ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រួមមាន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បានធ្វើ​ឡើងជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​។​

​យោងតាម​របាយការណ៍​របស់ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ទាំង ៧​នាក់ ដែល​ចាប់ខ្លួន មានដូចជាៈ​
១.​ឈ្មោះ អ៊ុក ណា​ខៃ មេបញ្ជាការ កងអនុសេនាធំ ការពារ​ព្រំដែន​លេខ​២,
២.​ឈ្មោះ ឡឹ​ក ញែក មេបញ្ជាការរង កងអនុសេនាធំ​ការពា​រ​ព្រំដែន​លេខ​២ ទទួល​ទិស​អូរ​ហ៊ុ​ច​,
៣.​ឈ្មោះ វ៉ាន់ ច​ន្ធា​រី មេបញ្ជាការ កងអនុសេនាតូច ការពារ​ព្រំដែន​លេខ​២ ឈរជើង​នៅ​អូរ​ហ៊ុ​ច​,
៤. ឈ្មោះ លាង ភា​រ័ត្ន មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន អូរ​ហ៊ុ​ច​,
៥.​ឈ្មោះ ព្រំ វណ្ណៈ នាយរង​ប៉ុស្តិ៍​អូរ​ហ៊ុ​ច នគរបាល​ការពារ​ព្រំដែន​,
៦.​ឈ្មោះ ផាត សុខ​ឡេង នាយរង​ប៉ុស្តិ៍​អូរ​ហ៊ុ​ច នគរបាល​ការពារ​ព្រំដែន​,
៧.​ឈ្មោះ អ៊ាង ចាន់​ឌី មេបញ្ជាការរង កងអនុសេនាធំ​ទី​២ យោធា​ការពារ​ព្រំដែន​។​

​ប្រភព​ដដែល បាន​បន្តថា ក្រុមការងារ​របស់​គ​ណៈ​កម្ម​ការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​បទល្មើស​ព្រៃឈើ បានកើត​ឡើង នៅតាម​បន្ទាត់​ព្រំដែន (​អូរ​ហ៊ុ​ច​) ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​អនុវត្តតាម​បទបញ្ជា​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង ខ​.​ភ​.​ម​. មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ កម្លាំង​ក្រុមការងារ​របស់ គណៈកម្មការ​ជាតិ ដែលមាន​សមាសភាព កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស តំណាង​នគរបាលជាតិ តំណាង​ក្រសួងបរិស្ថាន តំណាង​រដ្ឋបាល​ព្រៃឈើ ថ្នាក់កណ្តាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាល ខេត្ត​មណ្ឌល​គី​រី និង​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​មណ្ឌល​គី​រី បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៤ នាក់ ដែល​មានការ​សមគំនិត ឃុបឃិត​គ្នា ជាមួយ​ជនជាតិ វៀតណាម បើកផ្លូវ​ឲ្យ​ចូលមក​កាប់​ឈើ ក្នុង​តំបន់​អូរ​ហ៊ុ​ច ដើម្បី​ដឹកជញ្ជូន យកទៅ​ប្រទេស​វៀតណាម និង​ដកហូត​វត្ថុតាង​ឈើ ចំនួន ២៥២ កំណាត់ គ្រឿងចក្រ និង​ត្រាក់ទ័រ ២ គ្រឿង ម៉ូតូ ២​គ្រឿង និង​រណា​យន្ត ១ ។​

​បច្ចុប្បន្ន កម្លាំង​មាន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង ចោទប្រកាន់​ជនសង្ស័យ ចំនួន ៤ នាក់ មានដូចជាៈ ១. ឈ្មោះ អ៊ុក ណា​ខៃ , ២. ឈ្មោះ ឡឹ​ក ញែក , ៣. ឈ្មោះ វ៉ាន់ ច​ន្ធា​រី និង​៤. ឈ្មោះ លាង ភា​រ័ត្ន និង​វត្ថុតាង រួមមាន ឈើមូល ប្រភេទ​ស្រឡៅ សុ​ក្រម ចំនួន ២៥២ កំណាត់ ត្រាក់ទ័រ ២​គ្រឿង ម៉ូតូ​២​គ្រឿង រណារយន្ត​១​គ្រឿង បញ្ជូនទៅ​តុលាការ ខេត្តមណ្ឌលគិរី ដើម្បី​អនុវត្ត​នីតិវីធី​។​

​ចំណែក​ក្រុមការងារ​របស់ គណៈកម្មការ​ជាតិ បន្ត​រុករក​គល់ឈើ ដែល​បាន​កាប់បំផ្លាញ និង​វត្ថុតាង មុខសញ្ញា​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។​

​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ក្រុមការងារ​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ រួមមាន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បន្ត​រុករក​វត្ថុតាង រកឃើញ​គល់ឈើ ដែល​បាន​កាត់ ចំនួន ៧៧​គល់ និង​រកឃើញ​ឈើ​ស្រឡៅ​មូល ចំនួន ៣​ដើម និង​ឈើ​អារ​ជ្រុង​ស្រឡៅ ចំនួន ១៣ កំណាត់ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៣ នាក់ បន្ថែមទៀត បញ្ជូនទៅ​អយ្យការ អម​សាលាដំបូង ខេត្តមណ្ឌលគិរី​មានៈ ១.​ឈ្មោះ ព្រំ វណ្ណៈ នាយរង​ប៉ុស្តិ៍​អូរ​ហ៊ុ​ច នគរបាល​ការពារ​ព្រំដែន​, ២.​ឈ្មោះ ផាត សុខ​ឡេង នាយរង​ប៉ុស្តិ៍​អូរ​ហ៊ុ​ច នគរបាល​ការពារ​ព្រំដែន , ៣.​ឈ្មោះ អ៊ាង ចាន់​ឌី មេបញ្ជាការរង កងអនុសេនាធំ​ទី​២ យោធា​ការពារ​ព្រំដែន​។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថាៈ ក្រុមការងារ​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ កំពុងតែធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជា​បន្តទៀត ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ មួយចំនួនទៀត ដើម្បី​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕/V​