ដោយ: ពៅនិមល/ភ្នំពេញៈ ដោយសារករណីពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួន អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំនៅទូទាំងប្រទេស ដើម្បីវិភាគរកសារធាតុមេតាណុល។
មានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប បានឲ្យដឹងថា ដោយមានការណែនាំរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លោកបានដាក់ចេញនូវយុទ្ធនាការឱ្យមន្ត្រីនៅតាមបណ្តាសាខា ក.ប.ប រាជធានី ខេត្ត ចុះយកសំណាកគំរូស្រាស ស្រាថ្នាំ នៅតាមបណ្តាទីតាំងផលិត និងកន្លែងលក់ស្រាស ស្រាថ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេសមកវិភាគរកសារធាតុមេតាណុលនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។ លោកបានបន្តថា ជាក់ស្តែងក្នុងខែមិថុនានេះ មន្ត្រីសាខា ក.ប.ប. នៅតាមបណ្តារាជធានី ខេត្តចំនួន១៧ បានចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បានចំនួន១៧៨គំរូ។ ក្នុងនោះយោងតាមលទ្ធផលវិភាគ សំណាកគំរូស្រាអស់នោះ ពុំមានវត្តមានសារធាតុមេតាណុលដែលជាសារធាតុបង្កគ្រោះឡើយ។
ពាក់ព័ន្ធយុទ្ធនាការខាងលើនេះ លោក ផាន អូន លើកឡើងបន្តថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយការយល់ដឹង និងយកសំណាកគំរូស្រាសនិងស្រាថ្នាំ ឲ្យបានគ្រប់រាជធានី ខេត្ត ពិសេសតំបន់ដាច់ស្រយាលមកវិភាគរកសារធាតុបង្កគ្រោះ ដើម្បីទប់ស្កាត់ករណីពុលស្រាមិនឱ្យកើតឡើងបន្តទៀត។
សូមបញ្ជាក់ថា គិតចាប់ពីខែមករា រហូតត្រឹមខែមិថុនានេះ អ្នកស្លាប់បាត់បង់ជីវិតដោយសារករណីពុលស្រាស ចំនួនសរុបប្រមាណជាង ៤០នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្តចំនួន៤គឺ ខេត្តពោធិ៍សាត់ កណ្តាល ព្រៃវែង និងខេត្តកំពត៕