ដោយៈតារារិទ្ធ/ភ្នំពេញ៖វ៉ាក់សាំងការពារកូវីដ១៩(ស៊ីណូវ៉ាក់)ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនចិនចំនួន ១ លានដូសទៀតបានដឹកមកដល់កម្ពុជាហើយនៅវេលាម៉ោងប្រមាណ១០៖៣០ នាទី ព្រឹកថ្ងៃទី ២៨ ខែមិថុនានេះតាមជើងយន្តហោះក្រុមហ៊ុនឯកជនរបស់ប្រទេសចិន។
គិតត្រឹមថ្ងៃទី ២៨ ខែ មិថុនា ២០២១ នេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១១,០២៤,០០០ រួចហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន ។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ២,២ លានដូស,វ៉ាក់សាំងស៊ីណូហ្វាម ១ លានដូសទិញពីក្រុមហ៊ុនស៊ីណូហ្វាម,វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ទិញពីប្រទេសចិនចំនួន៧,៥ លានដូសនិងវ៉ាក់សាំងអាស្ត្រាហ្សេនីកា(Astra Zeneca)ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូស ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងកាលពីថ្ងៃទី ២៦ ខែមិថុនា ២០២១ ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងគ្រប់ចំនួន ២០ លានដូសនៅត្រឹមខែសីហាឆ្នាំ២០២១នេះ ។ ដោយក្នុងនោះខែកក្កដាកម្ពុជានឹងទទួលបានវ៉ាក់សាំង ៥លានដូស និងខែសីហាចំនួន ៤ លានដូសទៀតដែលជាវ៉ាក់សាំងរាជរដ្ឋាភិបាលបានបញ្ជាតិញពីក្រុមហ៊ុនចិន ។
តាមរយៈវត្តមានវ៉ាក់សាំងដែលបានមកដល់មុនផែនការកំណត់ លោក វង្សី វិស្សុត បានឲ្យដឹងថាបើមិនមានការប្រែប្រួលទេនៅសប្តាហ៍នេះ លោឧបនាយករដ្ឋ មន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនឹងបើកកិច្ចប្រជុំដើម្បីធ្វើការកែសម្រួលផែនាការចាក់វ៉ាក់ដែលយើងបានកំណត់នៅក្នុង«យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងកូដ-១៩ នៅតំបន់អាទិភាពខ្ពស់សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គមសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងឆ្នាំ២០២១» ដែលមុននេះរាជរដ្ឋា ភិបាលមានផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋដោយមិនគិត ថ្លៃដល់គោលដៅដែលត្រូវចាក់វ៉ាក់សាំងប្រមាណ១០លាននាក់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២២ ។លោក រំពឹងថាក្នុងអំឡុងពេលខែតុលាឬខែវិច្ឆិកាកម្ពុជាអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ចំនួន១០លាននាក់ ។ ជាមួយនេះរាជរដ្ឋាភិបាលក៏បានកំពុងគិតគូរផង ដែរទៅលើការចាក់វ៉ាក់សាំងដល់កុមារអាយុពី១២ ឆ្នាំ ទៅ ១៨ ឆ្នាំ និង ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ ។
សូមបញ្ជាក់ថាគិតចាប់ពីថ្ងៃទី១០ខែកុម្ភៈរហូតដល់ថ្ងៃទី២៦ខែមិថុនា នេះកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងជនបរទេសរស់នៅនិងធ្វើការនៅកម្ពុជាដោយ មិនគិតលុយបានចំនួន ៣,៨៨៦,៥៣៤ នាក់ដូសទី១ និង ចាក់វ៉ាក់សាំងដូសទី២ បានចំនួន ២,៨៤៣,២០២ នាក់ស្មើនឹង ៣៨.៨៧ ភាគរយនៃចំនួនប្រជាជន គោលដៅចាក់វ៉ាក់សាំងសរុប ១០ លាននាក់ ៕