ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមកចាក់វាក់សាំង កាលពីថ្ងៃអាទិត្យ ទី២៧ មិថុនា និងនៅព្រឹក ថ្ងៃទី២៨ មិថុនានេះ នៅតែបន្តសម្រុក មកទទួលការចាក់វ៉ាក់សាំង ក្រោយពីអាជ្ញាធរ រាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ ចុងក្រោយ នៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជ ធានីភ្នំពេញ ដោយចាប់ផ្តើម ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំង ជារឿយៗ និងបានជម្រុញអោយ ក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះ អោយបានលឿន និងបានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់ របស់រាជរដ្ឋា ភិបាល ដើម្បីកាត់ផ្តាច់ អោយបាន នូវការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។
ប្រជាពលរដ្ឋ នៅខណ្ឌច្បារអំពៅ ដែលបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថាៈ ចំពោះការយឺតយ៉ាវ និងបានមកទទួល ការចាក់វ៉ាក់សាំងនេះ ដោយសារតែនៅពេលអាជ្ញាធរ អញ្ជើញឱ្យពួកគាត់ មកចាក់នោះ ពួកគាត់មានជំងឺ និងមួយចំនួនទៀត ជាប់ទៅស្រុកកំណើត ទើបអាក់ខាន មិនបានមកទទួល ការចាក់វ៉ាក់សាំងនេះ ។ ពួកគាត់ពិតជាអរគុណណាស់ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានពន្យារពេល ឱ្យបានការចាក់វ៉ាក់សាំង ចំពោះពួកគាត់ដែលមិនទាន់ បានមកចាក់ នាពេលកន្លងមក បានចាក់នៅពេលនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថាៈ ចំពោះប្រជាពលរដ្ឋដែលមិនបាន ទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅក្នុង ១៣ ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៩.៣៩៩ នាក់ ក្នុងនោះ នៅខណ្ឌកំបូល នៅសល់ចំនួន ៩៨៧ នាក់ , ខណ្ឌពោធិសែនជ័យ នៅសល់ចំនួន ៤.៩៨០ នាក់ , ខណ្ឌទួលគោក នៅសល់ចំនួន ១.២៩៧ នាក់ , ខណ្ឌ៧មករា នៅសល់ចំនួន ៧៥៥ នាក់ , ខណ្ឌដូនពេញ នៅសល់ ចំនួន ៥២១ នាក់ , ខណ្ឌបឹងកេងកង នៅសល់ចំនួន ៧០២ នាក់ , ខណ្ឌចំការមន នៅសល់ចំនួន ២២២ នាក់ , ខណ្ឌដង្កោ នៅសល់ ចំនួន ១.៨៨៧ នាក់ , ខណ្ឌជ្រោយ ចង្វា នៅសល់ចំនួន ២.៥៩០ នាក់ , ខណ្ឌឫស្សីកែវ នៅសល់ចំនួន ៣០០ នាក់ , ខណ្ឌច្បារអំពៅ នៅសល់ចំនួន ១.៨៧៣ នាក់ , ខណ្ឌមានជ័យ រួចរាល់ , ខណ្ឌសែនសុខ នៅសល់ចំនួន ១.៧៦១ នាក់ និងព្រែកព្នៅ នៅសល់ចំនួន ១.៥២៤ នាក់។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល រាជធានី បានចេញ សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់ វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្រ រាជធានីភ្នំពេញដែលក្នុងសេចក្តី ជូនដំណឹងនេះ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយអនុលោមតាមផែនការមេ សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអនុគណៈ កម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមាន កិច្ចសហការពីក្រុមគ្រូពេទ្យ នៃ កងយោធពលខេមរភូមិន្ទ ក្រសួង ការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមគ្រូពេទ្យ នៃអង្គភាពផ្សេងៗ បានដំណើរការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ នៅរាជធានីភ្នំពេញ បានយ៉ាងរលូន ស្របតាម ជំហានកម្មវិធីការងារ ដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋ ក៏បានស្ម័គ្រចិត្ត យ៉ាងសស្រាក់សស្រាំ តម្រង់ជាជួរ មកចាក់វ៉ាក់សាំង តាមគោលដៅ នៃខណ្ឌនីមួយៗ ដែលគិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ១.៦៦២.៣៥៦ នាក់ (ដូសទី១) និង ១.៤៩៨.៧៨៧ នាក់ (ដូសទី២)។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋបាល រាជធានីភ្នំពេញ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋ មួយចំនួនតូចទៀត ពុំទាន់រួសរាន់ មកទទួលការចាក់វ៉ាក់សាំង នៅឡើយ។
ដើម្បីឈានទៅសម្រេចលទ្ធផល ឱ្យបានជោគជ័យ ១០០% ស្របតាមផែនការ យុទ្ធសាស្ត្ររបស់ គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោង បិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១ នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅស្នាក់នៅ ប្រកបអាជីវកម្ម មុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលពុំទាន់បានទទួល ការចាក់វ៉ាក់សាំង អញ្ជើញរួសរាន់ មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាននៅតាមទីតាំង ដែលបានកំណត់ ក្នុងខណ្ឌ ទាំង១៤៕/V-PC