ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានភាព​ទឹកភ្លៀង ក្នុង​សប្តាហ៍​នេះ នៅ​ទូទាំងប្រទេស ចុះខ្សោយ បន្ទាប់ពី​ព្យុះ​ទី​៥ ដែល​កើតមានឡើង គ្មាន​ឥទ្ធិពល​អ្វី​សោះ​មកលើ​ប្រទេស កម្ពុជា បាន​រលាយ​វិញ ព្រម​ពេល​ជាមួយគ្នានេះ ទឹកទន្លេ ក៏​បន្ត​ស្រក​ចុះ​នៅ​គ្រប់ ស្ថានីយ៍​ជលសា​ស្ត្រ តែ​ចាប់ពី​ថ្ងៃទី​៣ ខែកក្កដា ខ្យល់មូសុង​និរតី ចាប់ផ្តើម បង្កើន​ឥទ្ធិពល មកវិញ ជាមួយនឹង​ភ្លៀង​ធ្លាក់ រាយប៉ាយ​ជាថ្មី​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១​ថាៈ ស្ថានភាព​ទឹកភ្លៀង ក្នុង​សប្តាហ៍​នេះ ចុះខ្សោយ នៅ​ទូទាំងប្រទេស បន្ទាប់ពី​ព្យុះ​ទី​៥ ឈ្មោះ ចាំ​ពី បាន​រលាយ ដោយ​មិនមាន​ឥទ្ធិពល​អ្វី​សោះ មកលើ​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ស្របពេល ជាមួយគ្នា​នឹង​ព្យុះ រលាយ​ទៅវិញ​នេះ ប្រព័ន្ធ​សម្ពាធ​ទាប ក៏បាន​រំកិល ទៅខាង ជើង​ឆ្ងាយ ពី​ប្រទេស​កម្ពុជា ធ្វើឱ្យមាន​ភ្លៀង ធ្លាក់​តែ​នៅលើ​ភាគ​ខា​ត្បូង ប្រទេស​ចិន ផុតពី​អាង​ទន្លេមេគង្គ នាំឱ្យ​ទឹកទន្លេ​មេគង្គ បន្ត​ស្រក​ចុះ ជា​លំដាប់ មួយរយៈ​ទៀត​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ខ្យល់មូសុង​និរតី ដែល​ពេលនេះ (២៨​មិថុនា​) ចុះខ្សោយ​បំផុត នឹង​បង្កើន​ឥទ្ធិពល​មកវិញ នៅ​អំឡុង​ថ្ងៃទី​៣ ខែកក្កដា ជាមួយនឹង​ការ ធ្លាក់ភ្លៀង​រាយប៉ាយ ជាថ្មី ចាប់ពី​ថ្ងៃទី​៤ នៅក្នុង​ក្របខណ្ឌ ទូទាំងប្រទេស​។​

​តាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញ​ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ ខែមិថុនា បានបង្ហាញ​ឱ្យឃើញថាៈ នៅ​ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៤,១៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,០៨ ម៉ែត្រ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១០,៥០ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,៣៤ ម៉ែត្រ នៅ​ខេត្ត កំពង់ចាម ទឹក​មាន​កម្ពស់ ៥,៤១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,៣១ ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ ទឹក​មាន​កម្ពស់ ៣,២២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,០៩ ម៉ែត្រ នៅ អ្នក​លឿង ទឹក​មាន​កម្ពស់ ២,១៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,០៣ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៣,១៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,១០ ម៉ែត្រ នៅ​ទន្លេសាប ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ២,៣៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី ២៧ ខែមិថុនា ០,១១ ម៉ែត្រ នៅ​បឹង​ទន្លេសាប កំពង់​លួង ទឹក​មាន​កម្ពស់ ១,០៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៧ ខែមិថុនា ០,០២ ម៉ែត្រ​។​

​តាម​ព្រឹត្តិបត្រ​ព័​ត៌​ដដែល សម្រាប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្តស្ទឹងត្រែង ទឹក​អាច​ស្រក​ចុះមក នៅ កម្ពស់ ៤,០០ ម៉ែត្រ , នៅ​ខេត្តក្រចេះ ទឹក​អាច​ស្រក មក​នៅ​កម្ពស់ ១០,១១ ម៉ែត្រ , នៅ​ខេត្តកំពង់ចាម ទឹក​អាច​ស្រក មក​នៅ​កម្ពស់ ៥,០១ ម៉ែត្រ , នៅ​រាជធានី​ភ្នំពេញ ទឹក​អាច​ស្រក មក​នៅ​កម្ពស់ ២,៩៥ ម៉ែត្រ​។​

​ការ​ព្យាករ​កម្ពស់​ទឹកទន្លេ នៅ​ស្ថានីយ៍​ជលសា​ស្ត្រ ទន្លេបាសាក់ ចតុមុខ​លើក​ទី​១ សម្រាប់​រដូវវស្សា ឆ្នាំ​២០២១ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថាៈ ទឹក​អាច​ឡើងដល់​កម្ពស់ ៩,៣០ ម៉ែត្រ ជា​ប្រភេទ​ជំនន់​ធំ​មធ្យម​៕/V​-PC