ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាពិតប្រាកដនៅឥណ្ឌាអាចមានដល់ជិតពីរលាននាក់ធៀបនឹងចំនួនអ្នកស្លាប់ផ្លូវការចំនួន ៣៩៥.០០០ នាក់។
ក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាពរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោននិយាយថា ឥណ្ឌាអាចរកឃើញតែពី ៣ ទៅ ៥ ភាគរយនៃករណីឆ្លងកូវីដប៉ុណ្ណោះ ដោយសារកង្វះនៃការតេស្តិ៍។
លោក មូរ៉ាដ បាណាជី ជាគណិតវិទូនៅសាកលវិទ្យាល័យមីដដលសិច បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ពិតប្រាកដនៅប្រទេសនេះអាចមានប្រហែល ៥ ដងនៃតួលេខដែលបានរាយការណ៍។
យោងតាមកាសែតវ៉លស្ទ្រីតជើណលបានឱ្យដឹងថា លោកបាណាជីបានផ្អែកការប៉ាន់ស្មានមួយផ្នែកទៅលើអត្រាមរណភាពនិងទិន្នន័យនៃការស្ទាបស្ទង់ដែលបង្ហាញពីវត្តមានរបស់អង្គបដិប្រាណចំណោមប្រជាជន។
ការប៉ាន់ស្មានថ្មីទាំងនេះគឺបន្ទរតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយកាសែតញូវយ៉កថែមស៍កាលពីខែមុន ដែលនិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានដល់ទៅ ១,៦ លាននាក់។
នៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញរាប់សិបនាក់ កាសែតញូវយ៉កថែមស៍បានរកឃើញថាវាពិតជាពិបាកណាស់ក្នុងការទទួលបានរូបភាពច្បាស់លាស់ សូម្បីចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌា ដោយសារតែការកត់ត្រាដ៏ខ្សោយនិងកង្វះនៃការធ្វើតេស្តិ៍។
ក្រុមអ្នកជំនាញនិយាយថា ការរាប់ចំនួនអ្នកស្លាប់មិនអស់នេះអាចបណ្តាលមកពីការធ្វើតេស្តិ៍មិនគ្រប់គ្រាន់ មន្ទីរពេទ្យពេញហៀរដោយអ្នកជំងឺ និងកង្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅតាមតំបន់ជនបទនៃប្រទេស។
នេះអាចមានន័យថា ការស្លាប់ដោយជំងឺកូវីដភាគច្រើនកំពុងកើតឡើងនៅតាមផ្ទះ ជាពិសេសនៅតាមទីជនបទ ដូច្នេះហើយមិនមានក្នុងការរាប់បញ្ចូលក្នុងបញ្ជីផ្លូវការទេ៕
ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាពិតប្រាកដនៅឥណ្ឌាអាចមានដល់ជិតពីរលាននាក់ធៀបនឹងចំនួនអ្នកស្លាប់ផ្លូវការចំនួន ៣៩៥.០០០ នាក់