​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មនុស្ស​រាប់ពាន់​នាក់​បាន​ជាប់​នៅក្នុង​រដ្ឋធានី​ដា​ក្ការបស់បង់​ក្លា​ដែស​នៅ​ថ្ងៃ​ចន្ទនេះ ខណៈ​អាជ្ញាធរ​បាន​បញ្ឈប់​ការដឹកជញ្ជូន​សាធារណៈ​ស្ទើរតែ​ទាំងអស់​នៅ​មុន​ការបិទ​ខ្ទប់​ដ៏​​តឹងរ៉ឹង ដែល​ដាក់​ចេញ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​នៃ​ករណី​កូវី​ដ​១៩​ដ៏​ប្រល័យ​។​

​ប្រទេស​នេះ​បាន​រាយការណ៍​ពី​ការស្លាប់​ចំនួន ១១៩ នាក់​កាលពី​ថ្ងៃអាទិត្យ​ដែល​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ដោយសារកូ​វីដ​១៩ ខណៈ​ការឆ្លង​ថ្មីៗ​បាន​កើត​ឡើង​ជា​មធ្យម​ប្រចាំថ្ងៃ​ប្រហែល ៥.០០០ នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​ក្រុមមន្ត្រី​បាន​ស្តីបន្ទោស​ចំពោះ​ការកើនឡើង​នូវ​ករណី​ឆ្លង​ថ្មីៗ​នេះ​ទៅ​លើ​មេរោគ​កូរ៉ូណា​បំប្លែង​ខ្លួនឌែ​លតា ដែល​ចម្លង​រាលដាល​យ៉ាងខ្លាំង​។​

​ភាគច្រើន​នៃ​ប្រជាជន​ចំនួន ១៦៨ លាន​នាក់​នៅ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​នឹង​ត្រូវ​បង្ខាំង​ក្នុងផ្ទះ​របស់​ពួកគេ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រឹត​ត្បិត ហើយ​មាន​តែ​សេវាកម្ម​ចាំ​​បាច់​និង​រោងចក្រ​ផលិត​សម្រាប់​នាំចេញ​មួយចំនួន​ប៉ុណ្ណោះ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ដំណើរការ​។​

​ការប្រកាស​បិទ​ខ្ទប់​នេះ​បាន​បង្ក​ឱ្យមាន​ការជម្លៀស​ពលករ​ចំណាកស្រុក​ពី​រដ្ឋធានី​ដា​ក្កា​ទៅកាន់​ភូមិឋាន​កំណើត​របស់​ពួក​គេ​វិញ​កាលពី​ថ្ងៃអាទិត្យ​ដោយ​មនុស្ស​រាប់​ម៉ឺន​នាក់​សម្រុក​ជិះ​សាឡាង​ដើម្បី​​ឆ្លងទន្លេ​ដ៏​សំខាន់​មួយ​។​

​ការអនុវត្ត​ច្បាប់​បិទ​ខ្ទប់​នេះ​បាន​បណ្តាលឱ្យ​កម្មករនិយោជិត​រាប់ពាន់​នាក់​នៅ​ក្រុង​ដា​ក្កា​ត្រូវ​បង្ខំចិត្ត​ដើរ​ទៅ​ធ្វើការ​រាប់​ម៉ោង​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅក្រោម​កម្តៅថ្ងៃ​ក្តៅ​បែក​ក្រហែង​។​

​មនុស្ស​រាប់​សិប​នាក់​មើល​ឃើញ​ដើរ​ជា​ជួរៗ​នៅតាម​ដងផ្លូវ​ធំៗ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។ កន្លែងធ្វើការ​នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ពុធ​៕

​ពលករ​ចំណាកស្រុក​នាំគ្នា​សម្រុក​ចេញ​ពី​រដ្ឋធានី​ដា​ក្កា​ទៅ​កាន់​ស្រុកកំណើត​កាលពី​ថ្ងៃអាទិត្យ​