ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: តា​ឃាតក​ដែល​កាប់សម្លាប់​យាយ​ម្នាក់​ជា​គូទំនាស់​បន្តិចបន្តួច​រឿង​ព្រំដី ត្រូវបាន​អ្នកស្រុក និង​សមត្ថកិច្ច​ថា ទំនងជា​គាត់​ចេះ​វិជ្ជា​ផ្លូវ​ងងឹត “​គោ​លាក់​កូន ឬ​បំបាំងកាយ​” ដែល​ធ្វើ​ឲ្យ​សាច់ញាតិ អ្នកភូមិ ប្រជា​ការពារ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មើលមិនឃើញ​គាត់​។​

​ប៉ុន្តែ​ទីបំផុត សមត្ថកិច្ច​បាន​ចាប់គាត់​បាន ព្រោះ​គាត់​ដាច់បាយ​២​ថ្ងៃ ហើយ​ដើរចូល​ផ្ទះរ​កបាយ​ហូប រួច​ក៏ត្រូវ​ប្រជា​ការពារ និង​នគរបាល​ចាប់ខ្លួនបាន នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០២១ នៅ​នឹង​ផ្ទះ​ជនដៃដល់​តែម្តង ស្ថិតនៅ​ភូមិ​ឃូ​ស្វាយ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​៖ ក្រោយពី​កើតមាន​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដែល​បាន​កើតឡើង នៅវេលា​ម៉ោង​១២​និង​០៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០២១ របស់​តា​ឃាតក​នេះ ទៅលើ​យាយ​រងគ្រោះ​ឈ្មោះ សួ សួង ភេទ​ស្រី​អាំ​យុ​៧៤​ឆ្នាំ​នៅ​ភូមិ ឃុំ​ខាងលើ​ឃាត​.​ក បានគេច​ខ្លួន​បំបាត់​បាន​ចំនួន​២​ថ្ងៃ ហើយ​គ្មានអ្វី​ហូប​ឡើយ​។​

​លោក​បន្តថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចាំ​ឃ្លាំមើល​នៅផ្ទះ​ជនល្មើស​។ រហូតដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០២១ ជនដៃដល់​ឈ្មោះ ច​យ សឺ​ន ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ បាន​ដើរមក​ផ្ទះរ​កបាយ​ហូប​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​ប្រជា​ការពារ​ចាប់​ឃាត់ខ្លួន​និង​ដកហូត​វត្ថ​តាង​ពូថៅ​ពុះអុស​ដែល​លាក់ទុក​នៅ​នឹង​ផ្ទះ​១ ដែល​ជនដៃដល់​។​

​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​ដែល​តា​ឃាតក ចូល​កា​បើ​ក្បាល​៤​ពូថៅ​សម្រាប់​យាយ​រងគ្រោះ​ដែល​ដាក់​ថ្ងៃ​លើ​ឥដ្ឋការ៉ូ​នៅផ្ទះ នៅមុខ​ចៅ​ដែល​ដេក​អង្រឹង​ជាប់​គ្នា​នោះ គឺ​ជនដៃដល់​ជា​ឃាត​.​ក ថា មានទំនាស់​រឿង​ព្រំដី និង​ខឹង​យាយ​រងគ្រោះ​ជេរ​ជ្រះ​ឆ្អេះ ដៀល​ប្រមាថ​ជនល្មើស នាពេល​កន្លងមក​។​

​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​និង​ខេត្ត កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕​