ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញ​:​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ ក្រុមអាជីវករ នៅ​ផ្សា​របឹង​កេងកង​ទាំងអស់ ត្រូវបាន​អាជ្ញាធរ ប្រកាស​ឲ្យ​ទៅធ្វើ​តេស្ត យក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ នៅក្នុង​បរិវេណ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង ដែល​ស្ថិតនៅ​ជិត​ផ្សារ​នោះ​។ ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ​ក្រុមអាជីវករ នៅពេលនេះ ក្រោយ​រកឃើញ​អាជីវករ នៅ​ផ្សា​របឹង​កេងកង បាន​ឆ្លង​កូ​វីដ​១៩​។

​នៅ​រសៀល​ថ្ងៃទី​២៨​មិថុនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច ប្រកាស​បិទ​ខ្ទប់ ផ្សា​របឹង​កេងកង រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៩​មិថុនា រហូតដល់​ថ្ងៃទី​១២ ខែកក្កដា​។

​ដំណើរការ​ធ្វើតេស្ត​លើ​អាជីវករ​ផ្សា​របឹង​កេងកង​នេះ គិត​មកដល់​រសៀល​ថ្ងៃទី​២៨​មិថុនា ក្នុងចំណោម​អាជីវករ ៨៩១​នាក់ ដែល​បានធ្វើ​តេស្ត គឺមាន ១៩០​នាក់ វិជ្ជមាន​កូ​វីដ​១៩​។ នេះ​បើតាម​ប្រធាន​ផ្សា​របឹង​កេងកង លោក ឯក និមល​។​

​កាលពី​ថ្ងៃទី​២៨​មិថុនា ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៨៨៣​នាក់ ជាសះស្បើយ ៦០៧​នាក់ និង​ស្លាប់ ១៦​នាក់ កាលពី​ថ្ងៃទី​២៧ ខែមិថុនា​។ មកដល់​ថ្ងៃទី​២៨​មិថុនា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៨៥៣២​នាក់ ជាសះស្បើយ​សរុប ចំនួន ៤២. ៧៦៤​នាក់ និង​ករណី​ស្លាប់​សរុប ចំនួន ៥៥៦​នាក់​។​

​ចាប់តាំងពី​សប្តាហ៍​មុន អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន​ទាំងអស់​បើក​តូប​លក់​គ្រប់​មុខទំនិញ ឡើងវិញ ដោយ​ភ្ជាប់​នឹង​វិធានការ​ការពារ​យ៉ាង​ម៉ឹងម៉ាត់​។ ក្នុងនោះ តាម​ផ្សារ​រដ្ឋ ដូចជា ផ្សា​របឹង​កេងកង ផ្សារ​ធំថ្មី ផ្សារ​អូរ​ឡាំ​ពិ​ក ឬក៏​ផ្សារ​ទួល​ទំពូង ជាដើម គឺ​អាជីវក​របើក​តូច​លក់ដូរ​ក្នុង​ផ្សារ​ឡើងវិញ មិនទាន់បាន ១០០​ភាគរយ ទាំងស្រុង​ទេ​។ រីឯ​អ្នកដើរ​ផ្សារ ចូល​ទិញ​ទំនិញ ក៏​មិនទាន់មាន​ច្រើន​ដូច​មុន​ផ្ទះ​កូ​វីដ​១៩ នោះឡើយ​។​

​ទាំង​ផ្សារ​រដ្ឋ និង​ទាំង​ផ្សារ​ឯកជន​ទាំងអស់ បាន​បើកទ្វារ ដោយ​ការប្រុងប្រយ័ត្ន និង​អនុវត្តតាម​វិធានការ​ការពារ​កូ​វីដ របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​។ នោះ​គឺ​ទាំង​អ្នកលក់ ទាំង​អ្នកទិញ ត្រូវ​ឆ្លងកាត់​ការ​វ៉ាស់​កំដៅ លាងដៃ​នឹង​អាល់កុល នៅ​ច្រកចូល ស្កេ​ន ខ្យូ អ កូដ (QR Code)​។ អ្នកលក់ និង​អ្នក​ចូល​ផ្សារ​ទាំងអស់ ត្រូវ​ពាក់​ម៉ាស​ជាប់​ជានិច្ច ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​។​

​គណៈកម្មការ និង​អ្នកគ្រប់គ្រង​ផ្សារ ក៏បាន​ប្រកាស​តាម​មេក្រូ​ជាប្រចាំ​ឲ្យ​អ្នកលក់ អ្នកទិញ ចូលរួម​ការពារ និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩​។ ក្រុម​សន្តិសុខ និង​គណៈកម្មការ​ផ្សារ ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រៀងរាល់ ២​ម៉ោង​ម្តង​ផងដែរ​។ ប៉ុន្តែ​ប្រុងប្រយ័ត្ន​ប៉ុណ្ណឹង​ហើយ នៅតែមាន​ករណី​ឆ្លង​កូ​វីដ នៅក្នុង​ផ្សា​របឹង​កេងកង​ទាល់តែ​បាន​។​

​នៅ​ថ្ងៃទី​២៨​មិថុនា ក្រសួងសុខាភិបាល បានប្រកាសថា​តាមរយៈ​ការធ្វើ​តេស្ត​លើ​ពលករ​ចំណាកស្រុក​ត្រឡប់​មកពី ប្រទេស​ថៃ ឃើញថា មានការ​នាំចូល​នូវ​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា (Delta) មាន​ច្រើន​ករណី​។ ក្នុងនោះ ដក​ពិសោធន៍​ការចម្លង​នៃ​វីរុស​នេះ នៅ​ប្រទេស​មួយចំនួន មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូ​វីដ​១៩ បំប្លែង​មុនៗ ប្រហែល​ដល់​ទៅ ១៥​ដង ខ្លាំង​ជាង​ការចម្លង​ពី​ពេល​កន្លងទៅ​។

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា យើង​ក៏​មិនដឹងថា វីរុស​កូ​វីដ​១៩​នេះ មាន​អត្ត​ច​រិ​ក​បែបណា និង​នៅ​កន្លែង​ណា​ដែរ រហូតដល់​បច្ចុប្បន្ននេះ ហើយក៏​មិនអាច​ដឹង​ដែរ​ថា តើ​បុគ្គល ដែល​បាន​ឆ្លង​វីរុស​នេះ បាន​ប៉ះពាល់​អ្វីខ្លះ​ដែលមាន​វត្តមាន វីរុស​នេះ ហើយ​បុគ្គល ដែល​កើត​វីរុស​កូ​វីដ​១៩​នេះ ក៏​ប្រហែលជា​មិនដឹង​ខ្លួន​ថា ឆ្លង​ផង​។ ក្នុងនោះ វ៉ាក់សាំង គឺជា​ឧបករណ៍ ដែល​អាចជួយ​កាត់បន្ថយ​នូវ​ភាព​ឈឺធ្ងន់ធ្ងរ ការ​សម្រាក​នៅ​មន្ទីរពេទ្យ និង​អត្រា​ស្លាប់​។

​ប៉ុន្តែ​ក្រសួងសុខាភិបាល លើកឡើងថា អ្វីដែល​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ដឹង​នោះ គឺ​បណ្តាលមកពី​កង្វះខាត ក្នុងការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ និង​ដោយ​ម៉ត់ចត់ ជាពិសេស​ហានិភ័យ​ខ្ពស់​នៅពេលដែល​បុគ្គល​ចល័ត ធ្វើដំណើរ​ចេញពីផ្ទះ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ឬ​អនុវត្ត​មិនបាន​ខ្ជាប់ខ្ជួន និង​គត់​មុត​នូវ​វិធានការ​ការពារ​ខ្លួន​។

​បច្ចុប្បន្ន ក្រសួងសុខាភិបាល ក៏បាន​សង្កេតឃើញថា បុគ្គល​មានការ​ភ្លេចខ្លួន​ដែល​បណ្តាល​ឲ្យ​ការអនុវត្តន៍​វិធានការ​ការពារ របស់​បុគ្គល មាន​ភាព​ធូររលុង ជាពិសេស​នៅតាម​ទីប្រជុំជន​។​

​ដូច្នេះ​នៅ​ផ្សារ​ផ្សេងទៀត ពិសេស​នៅ​ផ្សារ​រដ្ឋ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ជាង​នេះ​។ ៣​ការពារ គឺ​ការ​វាស់​កំដៅ លាងដៃ​អាល់កុល ពាក់​ម៉ាស នៅតែ​បន្តធ្វើ​ដោយ​ចាំបាច់​បំផុត​។ ៣​កុំ គឺ​កុំ​ជួបជុំ​មនុស្ស​ច្រើន កុំ​ចូល​កន្លែង​បិទ​ជិត បន្ទប់​ប្រើ​ម៉ាស៊ីនត្រជាក់ និង​កុំ​ប៉ះពាល់ ចាប់ដៃគ្នា ក៏​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ទាំង​អ្នកលក់ និង​ទាំង​អ្នកទិញ តាម​ផ្សារ​នានា​។​

​ក្រៅពីនោះ បើ​អាច​គួរតែរៀបចំ​ការធ្វើ​តេស្ត​រហ័ស រក​មេរោគ​កូ​វីដ​១៩ លើ​អ្នក​សង្ស័យ ព្រោះថា ការ​វាស់​កំដៅ ពេលនេះ មិនបាន​ដឹងថា នរណាម្នាក់ ឆ្លង​កូ​វីដ​ឡើយ ដោយសារតែ​អ្នក​ផ្លុ​កកូ​វីដ​ឥឡូវ មួយចំនួនធំ គឺ​មិន​ចេញ​រោគសញ្ញា ហើយក៏​មិន​ក្តៅខ្លួន​ដូច​មុនៗ​ឡើយ​។​

​ក្នុងនោះ បន្ទាប់ពី​ធ្វើតេស្ត​រួច អ្នក​អវិជ្ជមាន​លើក​នេះ ក៏​គួរតែ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល គឺ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​ហើយ​មិនត្រូវ​ចេញពី កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។ សូម​កុំភ្លេចថា បើ​អ្នកណា​បំពាន​គោលការណ៍​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​មិន​ត្រឹមតែ​បង្ក​ហានិភ័យ ដល់​អ្នកដទៃ​ទេ តែ​ក៏​អាច​ចម្លងជំងឺ​កូ​វីដ ទៅ​អ្នកដទៃ​ដែរ​។ ក្នុងនោះ បើសិនជា​ជន​នោះ រកឃើញ​ឆ្លង​កូ​វីដ គឺ​ត្រូវ​មានទោស​រហូតដល់​ជាប់ពន្ធនាគារ​ថែមទៀត​។ កន្លងមក អនុវត្ត​រួចមកហើយ លើ​អ្នក​បំពាន​បម្រាម​ច​ត្តា​ឡី​ស័ក គឺ​នៅក្រោយ​ព្យាបាល​ជាសះស្បើយ​កូ​វីដ​ហើយ ត្រូវបាន​នាំខ្លួន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ តាមច្បាប់​កំណត់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​សរន​