ដោយ:សុខុម/ស្ទឹងត្រែង:រដ្ឋបាលខេត្តស្ទឹងត្រែងបានជូនដំណឹងករណីរកឃើញជំងឺកូវីដ១៩ថ្មីចំនួន៣០នាក់បន្ថែមទៀត គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ ២០២១។បើធៀបទៅនឹងថ្ងៃទី២៧ ខែមិថុនាម្សិលមិញមានចំនួន៣១នាក់។
រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថាអ្នកឆ្លងព្រឹត្តិការណ៍២០កុម្ភៈសរុបរហូតដល់ទៅ២១៩នាក់ក្នុងនោះមានស្រី១០៩នាក់។អ្នកជាសះស្បើយ១៦នាក់ក្នុងនោះមានស្រី៧នាក់។កំពុងសម្រាកព្យាបាល២០៣នាក់ក្នុងនោះមានស្រី១០២នាក់។
អ្នកជំងឺនិងអ្នកប៉ះពាល់ដោយផ្ទាល់ត្រូវបានដាក់ឱ្យដាច់ដោយឡែកពីគ្នានៅគោលដៅទីតាំងសម្រាប់ព្យាបាលនិងមណ្ឌលចត្តាឡឺស័កក្នុងខេត្តក្រុងស្រុក។អ្នកប៉ះពាល់ដោយប្រយោលដាក់ឲ្យនៅតាមផ្ទះ។
ក្រៅពីនេះខារ៉ាអូខេជ្រកក្រោមស្លាកភោជនីយដ្ឋានសំខាន់ៗមានដូចជាកាឡាក់ស៊ីនៅភូមិស្រែពោធិ៍សង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងនិងសួនបុប្ផាអតីតសួនរីករាយ,វិមានមាសនៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងត្រូវបានបិទជាបណ្ដោះអាសន្ន។រីឯផ្សារសាមគ្គីក្រុងស្ទឹងត្រែងក៏ត្រូវបានផ្អាកមិនឲ្យមានសកម្មភាពលក់ដូរផងដែរ។
លើសពីនេះផ្លូវសំខាន់ៗក្នុងខេត្តក្រុងស្រុកត្រូវបានដាក់ត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីសមត្ថកិច្ចនិងអំពាវនាវរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩មកធ្វើតេស្តដោយប្រើឧបករណ៍រហ័សដើម្បីជៀសវាងការឆ្លងរីករាលដាលទៅអ្នកដទៃផ្សេងទៀត៕សរន