​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស៊ឺ​ណែវ​៖ ពួក​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​(WHO)​ដែល​បារម្ភ​អំពី​មធ្យោបាយ​បង្ការ​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅពេល​វីរុស​បំប្លែង​ខ្លួន​ចម្លង​ខ្លាំង​បំផុត​មួយ​​កំពុង​លេចឡើង បាន​អំពាវនាវ​អោយ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ហើយ​បន្ត​ពាក់​ម៉ាស់​និង​បន្ត​អនុវត្ត​វិធានការ​បង្ការ​ការពារ​ដទៃទៀត​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​(CDC)​កាលពី​ខែ​ឧសភា​បាន​ប្រាប់​ជនជាតិ​អាម៉េរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ពេញលេញ​ហើយ​ថា​មិនចាំបាច់​ពាក់​ម៉ាស់​តទៅទៀត​នៅក្នុង​កន្លែង​បិទ​ជិត ​ឬ​ក៏​មិន​ចាំបាច់​រក្សា​គម្លាត​៦​ហ្វុត​(១,៨២​ម៉ែត្រ​) ពី​គ្នា​តទៅទៀត​ទេ​។​មជ្ឈមណ្ឌល​នេះ​ក៏​បន្ធូរបន្ថយ​ការ​ធ្វើតេស្តិ៍​និងច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ប្រឈម​នឹង​ការឆ្លង​វីរុស​កូរ៉ូណា​ផងដែរ​។​

​វីរុស​ដែល​តា​ដែល​គេ​រកឃើញ​ដំបូង​នៅ​ឥណ្ឌា កំពុង​មាន​វត្តមាន​នៅ​ក្នុងប្រទេស​យ៉ាងតិច​៨៥​។​នៅ​អាម៉េរិក វត្តមាន​របស់​វា​បាន​កើន​ពី​រដង​នៅ​២​សប្តាហ៍​មក​នេះ ហើយ​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វោ​ស៊ី នៅ​ខាង​​ជំងឺឆ្លង​អាម៉េរិក បាន​ហៅ​វា​ថា​ជា​”​ការ​គំរាម​ធំ​បំផុត​” នៅក្នុង​ការលុបបំបាត់​វីរុស​កូរ៉ូណា​នៅក្នុង​សហរដ្ឋអាម៉េរិ​ក​។​

​បណ្ឌិត តេ​ដ្រូ​ស អាត​ហាណូម ហ្គ្រេ​ប្រេ​យេស៊ូ​ស អគ្គនាយក​WHO​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​សប្តាហ៍​មុន​ថា ការកើនឡើង​នៃ​វីរុស​ថ្មីៗ​ធ្វើអោយ​”​វា​កាន់តែ​បន្ទាន់​ខ្លាំង​ឡើង​សំរាប់​យើង​ប្រើ​ប្រា​​ស់​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ការចម្លង​” រួម​ទាំង​ការចាក់​វ៉ាក់សាំង​បង្ការ និង​វិធានការ​សុខភាព​សាធារណៈ​និង​សង្គម​។​

​វេជ្ជបណ្ឌិត​ម៉ា​រៀន​ហ្គេ​ឡា ស៊ី​ម៉ា​វ អគ្គនាយករង​WHO​ខាង​វ៉ាក់សាំង ឳ​សថ​និង​ឳ​សថ​ស្ថាន បាន​សង្កត់ធ្ងន់ថា ទោះ​ជា​អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្តី គេ​គួរ​បន្ត​ពាក់​ម៉ាស់​ជាប្រចាំ ជៀសវាង​ហ្វូងមនុស្ស​និង​រក្សា​​គម្លាត​សង្គម នៅ​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ លាងដៃ​ជាប្រចាំ និង​ជៀសវាង​កណ្តាស់​ញើស​សំបោរ ឬ​ក្អក​ជិត​អ្នក​ដទៃ​៕

​នៅ​អាម៉េរិក វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា ទទួលខុសត្រូវ​ការឆ្លង​ម្នាក់​ក្នុងចំណោម​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៥​នាក់ តែ​រដ្ឋាភិបាល​មិន​តំរូវ​អោយ​ប្រជាជន​ពាក់​ម៉ាស់​ទៀត​ទេ​