​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កងទ័ព​អាម៉េរិក​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​បាន​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មិថុនា ដោយ​មិន​មាន​របាយការណ៍​អំពី​ការស្លាប់​និង​របួស​ទេ​ពោល​​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​របស់​ក​ង​ទ័ពអាកាស​អាម៉េរិក​បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​នៅក្បែរ​ព្រំដែន​អ៊ីរ៉ាក់​-​ស៊ី​រី​ប្រឆាំង​នឹង​អ្វី​ដែល​មន្ទីរ​បញ្ច​កោណ​និយាយថា​ជា​ទីតាំង​ដែល​ប្រើ​ដោយ​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដើម្បី​គាំទ្រ​ការវាយប្រហារ​ដោយ​ដ្រូ​ន​នៅ​ខាងក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​យោធា​អ៊ីរ៉ាក់​បាន​ថ្កោលទោស​ការវាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាម៉េរិក​ហើយ​ក្រុម​ជីវពល​នានា​បាន​អំពាវនាវ​ឱ្យ​មាន​ការ​សងសឹក​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក​។​

​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោន​លោក​ចន ឃឺ​ប៊ី​បាន​និយាយថា​ក្រុម​កងជីវពល​ទាំងនោះ​កំពុង​ប្រើប្រាស់​ទីតាំង​ទាំង​នោះ​ដើម្បី​បើក​ការវាយប្រហារ​តាមដ្រូន​ប្រឆាំង​នឹង​កងទ័ព​អា​ម៉េ​រិក​នៅ​អ៊ីរ៉ាក់​។​នេះ​ជា​​លើក​ទី​ពីរ​ហើយ​ដែល​រដ្ឋបាល​នេះ​ចាត់​វិធានការ​យោធា​នៅ​ក្នុង​តំបន់​ចាប់តាំងពី​លោកបៃ​ដិនបាន​ឡើងកាន់អំណាច​កាលពីដើមឆ្នាំ​នេះ​។​

​អ្នកនាំពាក្យ​ម្នាក់​សម្រាប់​បេសកកម្ម​យោធា​របស់​សហរដ្ឋ​អាម៉េរិក​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាក​ដា​ដលោក​វរសេនីយ៍ឯក វេន ម៉ារ៉ូត​តូ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មិថុនា​ថា នៅវេលា​ម៉ោង ៧ និង ៤៤ នាទី​ម៉ោង​ក្នុងស្រុក “​កងកម្លាំង​អាម៉េរិក​នៅ​ប្រទេស​ស៊ី​រី​ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ជាច្រើន​”​។​លោក​និយាយថា​មិន​​មាន​អ្នកស្លាប់​ឬ​រងរបួស​ទេ​ហើយ​ការខូចខាត​នៃ​ការវាយប្រហារ​នេះ​កំពុង​ត្រូវបាន​វាយតម្លៃ​។​

​ក្រោយមក​លោក​ម៉ារ៉ូត​តូ​បាន​សរសេរថា នៅក្រោម​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត កងកម្លាំង​អាម៉េរិក​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​ឆ្លើយតប​ការពារ​ខ្លួន​ដោយ​បាញ់កាំភ្លើង​ធំ​ដាក់​លើ​ទីតាំង​បាញ់​រ៉ុក្កែត​នោះ​វិញ​៕

​លោកបៃ​ដិន​អំឡុង​ពេល​ជជែក​ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​លោក​រី​វលី​ន​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​២០២១