​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​របស់​រុស្ស៊ី​បានបង្ហាញ​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មិថុនា ខណៈ​ខ្លួន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ ១/៤ នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០២០ ត្បិត​មាន​ការរីក​រាលដាល​នៃ​កូវី​ដ​បំ​ប្លែងខ្លួន​ដែល​តា ដែល​កំពុង​ជំរុញ​ការឆ្លង​រាលដាល​ពាសពេញ​ពិភពលោក​និង​បង្ក​ការឈឺ​ក្បាល​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ក៏ដោយ​។​

​ខណៈ​បណ្តា​ប្រទេស​អ្នកមាន​បាន​ចាប់ផ្តើម​កាត់បន្ថយ​ការឆ្លងតាម​រយៈការ​ចាក់វ៉ាក់​សាំងយ៉ាង​ឆាប់រហ័ស ការផ្ទុះ​វីរុស​កូរ៉ូ​ណា​នៅ​តែ​កើត​ឡើង​ចាប់ពី​ប្រទេស​បង់​ក្លា​ដែស​រហូត​ដល់​អាម៉េរិក​ខាងត្បូង ជាមួយ​ការរីក​រាលដាល​យ៉ាង​លឿន​នៃ​វីរុស​បំប្លែង​ខ្លួន​ដែល​តា ដែល​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា វីរុស​ដែល​តា ដែល​ឥឡូវ​មាន​នៅក្នុង​ប្រទេស​ចំនួន ៨៥​គឺ​ឆ្លង​រាលដាល​លឿន​បំផុត​ក្នុងចំណោម​កូវី​ដ​១៩​បំប្លែង​ខ្លួន​ប្រភេទ​ដទៃទៀត​គិត​មក​​ទល់​ឥឡូវ​។

​ការកើនឡើង​ករណី​ឆ្លង​និង​ស្លាប់​នេះ​បាន​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ចំពោះ​ការប្រកួត​បាល់ទាត់​យូរ៉ូ ២០២០ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទីតាំង​ជាច្រើន​ទូទាំង​ទ្វីបអឺរ៉ុប​។​

​កាលពី​ថ្ងៃ​ចន្ទ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​អឺរ៉ុប​មួយរូប​បាន​សម្តែង​នូវ​ការសង្ស័យ​អំពី​ចក្រភព​អង់គ្លេស​ដែល​រង​ការវាយប្រហារ​ដោយកូវី​ដ​១៩ ក្នុង​ការរៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​យូរ៉ូ​នៅ​កីឡដ្ឋាន Wembley និង​បាន​ជំរុញ​ឱ្យ UEFA ធ្វើការ​វិភាគ​លើ​ជម្រើស​ទីតាំង​ផ្សេង​។​

​ចក្រភព​អង់គ្លេស​កំពុង​តស៊ូ​ពុះពារ​នឹង​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​វីរុស​ដែល​តា ដែល​ជំរុញ​ឱ្យមាន​អត្រា​ឆ្លង​ខ្ពស់​ជាង​សហភាព​អឺរ៉ុប​ដល់​ទៅ ៤ ដង​។​

​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​រាល់​ការលើកឡើង​អំពី​ការលេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កន្លែង​ផ្សេង​៕

កំណើន​ទស្សនិកជន​កាន់តែ​មាន​ច្រើន​នៅ​យូរ៉ូ ខណៈ​បណ្តា​ប្រទេស​អឺរ៉ុប​ចាប់ផ្តើម​រឹតបន្តឹង​ឡើងវិញ​បណ្តើរៗ​