ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៩​ខែមិថុនា​នេះ​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​៣០​ខែមិថុនា​ដល់​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២១​ថា​ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​និង​ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៣​ខែកក្កដា​គឺ​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​និរតី ខ្សោយ ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​៦​ខែ កក្ក ដា​គឺ​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​និរតី​មធ្យម​និង​ជ្រលង​សម្ពាធ​ទាប​ពី​ចិន ស្ថាន​។​
​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤​ទៅ​៣៦​អង្សា​សេ ,​ពីថ្ងៃ​ទី​៣០​ខែមិថុនា​ដល់​ថ្ងៃទី​៣​ខែកក្កដា មាន ភ្លៀង​ធ្លាក់ ខ្សោយ​ដោយ​អន្លើ​។​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​៦​ខែកក្កដា​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​ទន្ទឹមនឹងនោះ​ក៏មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​
​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២​ទៅ​៣៤​អង្សា​សេ​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​
​នៅក្នុង​សេចក្តីជូនដំណឹង​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យមាន​ការ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស​នៅ​តំបន់​វាលទំនាប​ក​ណ្កា​ល​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៦ ខែកក្កដា ៕​សរន