ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​ខ្លា​ពពក​ស្ថិតក្នុង​ក្រុម​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​សាយ​តេស​។ ខ្លា​ប្រភេទ​នេះ​ទទួលរង​នូវ​ការគំរាមកំហែង​ដោយសារតែ​ការ​បរបាញ់ និង​ការបាត់បង់​ទីជម្រក​ដែល​វា​ធ្លាប់​ស្វែងរក​ចំណី និង​រស់នៅ​។​ខ្លា​ពពក​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅក្នុង​ពិភពលោក​។

​គួរបញ្ជាក់​ថា​ខ្លា​ពពក​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃចម្រុះ​។ ខ្លា​ពពក​ជា​សត្វ​រាត្រីចរ ច្រើន​រស់នៅ​ជា​គូ​លើ​ដើមឈើ​។ ជាធម្មតា វា​ចាប់​ចំណី​ដោយ​លោត​ពីលើ​ដើមឈើ​សង្គ្រប់​លើស​ត្វ​នៅ​ដី​ដូចជា​ខ្លារខិន ដែរ​។ អាហារ​របស់​វា​មាន​បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វា​ជាដើម​។ ខ្លា​ពពក​ប្រើ​ក្រ​ញ៉ាំ​ជើង​មុខ​មុត​សម្រាប់​សង្កត់​ចាប់​ចំណី រួច​ទើប​ខាំ​ជា​ក្រោយ​។ ខ្លា​ពពក​អាចបង្កើត​កូន​ម្តង​បាន​ពី ២ ទៅ ៤ ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល​ប្រហែល ៩០ ទៅ​៩៥ ថ្ងៃ​។

ចំពោះ​របាយ​រស់នៅ ខ្លា​ពពក​មាន​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ វា​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​បូ​តាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (​កោះ​ស៊ូ​ម៉ា​ត្រា​) ឡាវ ម៉ាឡេស៊ី សា​រ៉ា​វ៉ា​ក់ ភូមា នេ​ប៉ាល់ ថៃ​និង​ប្រទេស​វៀតណាម​។ ខ្លា​នេះ​បាន​ផុត​ពូជ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស សិង្ហ​បុរី និង​តៃវ៉ាន់​។
ខ្លា​ពពក​មាន​មាឌធំ​ជាង​ខ្លា​ភ្ញី​ថ្មកែវ មាន​សម្បុរ​ពណ៌​ក្រ​ម៉ៅ​ប្រផេះ​នៅលើ ដងខ្លួន​មាន​ផ្ទាំងៗ​ដូច​ពពក​ធំៗ នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​នេះ​មាន​ពណ៌​ខ្មៅ​ខណ្ឌ​ជា​កំណា​តើ​ដុំ​ផ្ទាំង​នីមួយៗ​។ ដុំ​ផ្ទាំង​នេះ​រី​កធ​ណំ​នៅ​ផ្នែក​ខាងក្រោយ​ស្មា ដែល​ចាប់ផ្តើម​ពីលើ​ខ្នង​រហូត​ស្ទើរ​ដល់​ក្រោម​ពោះ​។ ច្រមុះ​មាន​ពណ៌​ស និង​នៅលើ​ថ្ងាស​មាន​ស្នាម​អិ​ច​តូចៗ​។ វា​មាន​កន្ទុយ​វែង អុចៗ​នៅ​ផ្នែក​ខាង​គល់ និង​បន្ទះៗ​នៅ​ផ្នែក​ខាងចុង​។ វា​មាន​ជើង​ខ្លី ប្រអប់ជើង​ធំ​ងាយស្រួល​ក្នុងការ​ប្រតោង​មែកឈើ​។
ខ្លា​ពពក​ងាយ​ក្នុងការ​ចំណាំ​ណាស់ គឺ​យើង​គ្រាន់តែ​ក្រឡេកមើល​នៅលើ​ដងខ្លួន​របស់​វា​មាន ផ្ទាំង​ដុំ​សណ្ឋាន​ដូច​ដុំ​ពពក​រាយ​ពាសពេញ​ដងខ្លួន​៕សរន