​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈសំណុំរឿង​ស៊ីដាច់​ប្រាក់​៧៦​ម៉ឺន​ដុល្លារ ក្នុង​ការរត់​ការឱ្យ​ជនជាតិ​ចិន​៣​នាក់​ចូលសញ្ជាតិ​ខ្មែរ ត្រូវបាន​ចៅក្រម​តុលា​ការលើក​យកមក​បើកសវនាការ​នា​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០២១ នេះ នៅ​ចំពោះមុខ​ជនជាប់ចោទ ។​

​ជនជាប់ចោទ​រូបនោះ​ឈ្មោះ ស៊ិន ដា​វុ​ធ ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​B១០ ផ្លូវលំ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ជា​នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន ហ្គោល​វែ​ល ។

​នៅក្នុង​អង្គ​សវនាការ ជនជាប់ចោទ បាន​សារភាពថា​ខ្លួន​ពិតជា​បានទទួល​យកប្រាក់​ពី​ដើមបណ្ដឹង​មែន ប៉ុន្តែ​ចំនួន​តែ​៦០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​មិនមែន ៧៦​ម៉ឺន​ដូច​គេ​ចោទប្រកាន់​ទេ ដើម្បី​រត់ការ​ចូលសញ្ជាតិ​អោយ​ចិន​៣​នាក់ ហើយ​លុយ​នោះ​ខ្លួន​យកទៅ​ពឹង​គេ​បន្ត​អោយធ្វើ​កិច្ចការ​ហើយ​តែ​មិនទាន់​សម្រេច ក៏​ត្រូវគេ​ប្ដឹង​តែម្ដង ។​

​ដើមបណ្ដឹង​រដ្ឋប្បវេណី បានទាមទារ​ប្រាក់​ដើម​ចំនួន​៧៦​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​សរុប​១​លាន​ដុល្លារ ។​

​លោក លិ សុខា ចៅក្រម​ជំនុំ​ជំ​រះ បានសម្រេច​លើកយក​រឿងក្ដី​នេះ​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១៦​កក្ដ​ដា ឆ្នាំ​២០២១​ខាងមុខ ។​

​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​នេះ បើតាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ ថៅកែ​ចិន​ម្នាក់​ជានា​យក​ក្រុមហ៊ុន បាន​ពឹងពាក់​ឲ្យ​ឈ្មោះ ស៊ិន ដា​វុ​ធ ដែលជា​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ហ្គោល​វែ​ល ឲ្យ​ជួយ​រត់​ការដាក់​ពាក្យសុំ​ចូលសញ្ជាតិ​ខ្មែរ អោយ​ជនជាតិ​ចិន​៣ នាក់ ក្នុងនោះ​មាន​ប្រុស​២ នាក់​នឹង​ស្ត្រី​ម្នាក់ ជា​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នោះ ។ បន្ទាប់មក​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​តម្រូវ​ឲ្យ​ថៅកែ​ចិន ប្រគល់​ប្រាក់​ចំនួន​៧៦​ម៉ឺន​ដុល្លារ​អាមេរិក មក​ឲ្យ​គេ (​ស៊ិន ដា​វុ​ធ​) ដើម្បី​យកទៅ​រត់ការ​ដាក់ពាក្យ​សុំចូល​សញ្ជាតិ​ខ្មែរ​នោះ ហើយ​បាន​សន្យា​ជាមួយគ្នា​ថា ក្នុង​រយៈពេល​៩០​ថ្ងៃ ទើប​ចេញ​លទ្ធផល ។

​ពេល​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ​ថៅកែ​ចិន​ជា (​នាយក​ក្រុមហ៊ុន​) បានប្រគល់​សែក​១០ សន្លឹក​របស់​ធនាគារ​សហ​ពាណិជ្ជ​.​ក​.​អ មាន​ទឹកប្រាក់​សុ​រប​ចំនួន​៧៦ ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ឈ្មោះ ស៊ិន ដា​វុ​ធ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ ។​
​លុះដល់​ថ្ងៃ​កំណត់​ស្រាប់តែ​មិនឃើញ​មានការ​កោះហៅ ពី​ស្ថាប័ន​ពាក់​ពន្ធ ដើម្បី​ទៅ​ស្បថ​ប្រកាស​ចូលសញ្ជាតិ​តាម​បែបបទ​រដ្ឋបាល​ដែល​ធ្លាប់ធ្វើ​កន្លងមក​នោះទេ ដោយសារតែ​មូលហេតុ​ផល​យ៉ាង​ដូច្នេះហើយ ទើប​ដើមបណ្តឹង​បាន​ទាក់ទង​ទៅ​ឈ្មោះ ស៊ិន ដា​វុ​ធ តែ​ជននេះ​បានគេច​វេស នឹងមិន​បាន​ជួយ​ច​ចារ​គ្នា​ដូច​ពេល​ទទួលយក​ប្រាក់​នោះទេ ថែមទាំង​ព្យាម​គេចខ្លួន​ទៀតផង ។ លុះដល់​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០២០ នាយក​ក្រុមហ៊ុន​បាន​តាម​រកឃើញ​ឈ្មោះ ស៊ិន ដា​វុ​ធ ហើយ​ពេលនោះ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​និយាយថា ខ្លួន​មិនបាន​យកប្រាក់​នោះ​ទៅ​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ទេ គឺ​យកទៅ​ប្រើប្រាស់​ការងារ​ផ្ទាល់ខ្លួន តែ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​សន្យាថា​នឹង​សង​ប្រាក់​នោះ​ទាំងអស់​វិញ ប៉ុន្តែ​រហូតមក​ដ ល់​ថ្ងៃ​ចាប់ខ្លួន​នេះ​គេ​មិន​សង​ប្រា​ក់សោះ ហើយ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ សម​ត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ឃាត់ខ្លួន ស៊ិន ដា​វុ​ធ យកទៅ​សាកសួរ តែ​ជនសង្ស័យ​នៅ​មិន​ព្រម​សង​ប្រាក់​ទៅ​ដើមបណ្តឹង ទើប​សម​ត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់ទោស​នេះ ៕​