ដោយ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈគង់ ឈៀប ភេទប្រុស អាយុ៥៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង។ បច្ចុប្បន្ននេះ ឈៀប កំពុងរស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈៀប បាននិយាយរៀបរាប់ពីជីវិតតស៊ូរបស់ខ្លួនកាលនៅជាយោធាខ្មែរក្រហមក្នុងកងពល៥១៩ និងក្រោយមកបានពិការភាពដោយសារផ្ទុះគ្រាប់បែកនៅត្រង់ចំណុចភូមិសាស្ដ្រខាងកើតភ្នំកូនកំព្រា នៃខេត្ដឧត្ដរមានជ័យ ដូចខាងក្រោមថា៖
គង់ ឈៀប សព្វថ្ងៃរស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
(សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
«ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន៥នាក់នៅក្នុងវង្សគ្រួសារកសិករក្នុងខេត្ដបាត់ដំបង។ នៅក្នុងឆ្នាំ១៩៧៥ សមាជិកក្រុមគ្រួសាររបស់ខ្ញុំ ត្រូវបានខ្មែរក្រហមជម្លៀសទៅកាន់ភូមិខ្សោយ ស្រុកសង្កែ ខេត្ដបាត់ដំបង ដើម្បីទៅធ្វើការក្នុងអង្គភាពឡើងត្នោត និងផលិតស្ករត្នោត។ នៅពេលនោះ បងប្រុស និងបងស្រីរបស់ខ្ញុំមិនបានរួមដំណើរទៅជាមួយឪពុកម្ដាយខ្ញុំទេ ដោយសារត្រូវបានខ្មែរក្រហមបញ្ជូនទៅរស់នៅក្នុងកងកុមារ ។
ភូមិខ្សោយ គឺជាភូមិចំណាស់មួយរបស់ខ្មែរ ដែលសម្បូរទៅដោយដើមត្នោត ហើយផ្ទៃក្រឡា ស្ទើរតែទាំងស្រុងរបស់ភូមិ ត្រូវបានគ្របដណ្ដប់ទៅដោយផ្ទៃទឹកនារដូវវស្សា លើកលែងទីទួលខ្ពស់ៗតែប៉ុណ្ណោះ។ ភូមិនេះត្រូវបានខ្មែរក្រហមរៀបចំឲ្យក្លាយជាទីកន្លែងស្នាក់នៅសម្រាប់ប្រជាជនដែលធ្វើការនៅក្នុងអង្គភាពឡើងត្នោត។ ផ្ទៃដីប្រមាណជា១០០ម៉ែត្រការ៉ែ ត្រូវបានបែងចែកឲ្យក្រុមគ្រួសារនីមួយៗរស់នៅដោយឡែកពីគ្នា និងត្រូវបានហ៊ុមព័ន្ធដោយដំណាំច្រើនប្រភេទ និងការចិញ្ចឹមសត្វ ដែលនៅក្នុងនោះប្រជាជនត្រូវផ្ដោតសំខាន់ទៅលើការត្រងទឹកត្នោត និងផលិតស្ករដែរ។
គង់ ឈៀប (រូបខាងស្ដាំ) ក្នុងសម្លៀកបំពាក់យោធាខ្មែរក្រហម នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៨០។
(សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅពេលដែលយើងទៅដល់ដំបូង ខ្មែរក្រហមបានប្រគល់ទូកត្នោតចំនួនមួយគ្រឿងដល់ក្រុមគ្រួសាររបស់ខ្ញុំ ដើម្បីធ្វើដំណើរក្នុងរដូវវស្សា។ ឪពុករបស់ខ្ញុំឈ្មោះ ម៉ាន ដែលកាលណោះគាត់មានវ័យ៥០ឆ្នាំ ត្រូវបានខ្មែរក្រហមដាក់ឲ្យទទួលខុសត្រូវលើការឡើងត្នោតចំនួន៨០ដើមក្នុងមួយថ្ងៃ។ ចំណែកឯម្ដាយរបស់ខ្ញុំ គឺជាអ្នកផលិតស្ករត្នោត និងជួយកិច្ចការផ្សេងៗរបស់ឪពុកខ្ញុំ។ គាត់មានដំបៅនៅលើជើងទាំងពីរ និងដៃទាំងសងខាង ដោយសារស្ករត្នោតដែលកំពុងពុះបានខ្ទាតរលាក។ ឪពុក និងម្ដាយរបស់ខ្ញុំមានការនឿយហត់ណាស់ដោយសារកូនៗនៅតូចៗពេក។ ដោយឡែក ចំពោះការហូបចុកនៅក្នុងអង្គភាពឡើងត្នោត ក៏មិនខុសប្លែកទៅនឹងការហូបចុកក្នុងសហករណ៍ប៉ុន្មានដែរ ដោយយើងតែងទទួលបានបបរជំនួសបាយ។ ជារឿយៗ ខ្មែរក្រហមតែងឧបត្ថម្ភ ត្រី និងសាច់ដល់យើង។
រហូតដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជូនម្ដាយ និងប្អូនៗរបស់ខ្ញុំ ទៅកាន់ភូមិស្រះកែវ ដើម្បីធ្វើការងារបង្កបង្កើនផលស្រូវ។ នៅពេលនោះ ឪពុករបស់ខ្ញុំបានជួបនឹងការលំបាក ដោយសារខ្វះកម្លាំងសម្រាលបន្ទុក ជាពិសេស គឺត្រូវទទួលរ៉ាប់រងរាល់ការងារដែលម្ដាយខ្ញុំធ្លាប់ធ្វើពីមុនមក។ ពេលសម្រាកពីឡើងត្នោតម្ដងៗ គាត់តែងឆ្លៀតពេលនាំខ្ញុំទៅរកអុសនៅក្នុងព្រៃរនាម ដើម្បីដុតភ្លើងរំងាស់ស្ករត្នោត។ ជីវិតរបស់យើងនៅពេលនោះ គឺមានការលំបាក និងមាននឹករឭកក្រុមគ្រួសារជាខ្លាំង។
ពិធីធ្វើបុណ្យឧទ្ធិសកុសលដល់ គង់ ឈៀប ដែលត្រូវបានរៀបចំឡើងដោយបងប្រុសរបស់គាត់នៅក្នុងស្រុកម៉ាឡៃ កាលពីឆ្នាំ១៩៨៩។(សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ប្រហែលរយៈពេលបីខែក្រោយមក ខ្ញុំបានសុំឪពុករបស់ខ្ញុំទៅលេងម្ដាយ និងប្អូនៗ។ មុនពេលចេញដំណើរ ខ្ញុំបានយកសាច់មាន់ និងបាយក្រៀមដែលបំពងជាមួយស្ករ វេចខ្ចប់ដាក់តាមខ្លួនយកទៅផ្ញើម្ដាយ និងប្អូនៗ។ ខ្ញុំបានចេញដំណើរនៅមេឃភ្លឺស្រាងៗ ដោយឆ្លងកាត់ព្រៃជ្រៅរាប់សិបគីឡូម៉ែត្រ ហើយជួនកាលបានជួបប្រទះនូវទីទួលកប់ខ្មោចរបស់អ្នកភូមិទៀតផង។ ទិដ្ឋភាពបែបនេះហើយ បានជំរុញឲ្យខ្ញុំធ្វើដំណើរទៅមុខបានកាន់តែលឿន ហើយអ្នកដែលខ្ញុំខ្លាចបំផុតនោះ គឺខ្មែរក្រហម។ ខ្ញុំដឹងច្បាស់ថា ប្រាកដជាមានរឿងមិនល្អ ប្រសិនបើខ្មែរក្រហមបានឃើញខ្ញុំ និងម្ហូបអាហារដែលនៅជាប់នឹងខ្លួនរបស់ខ្ញុំ។ លុះដល់ល្ងាចឡើង ខ្ញុំបានធ្វើដំណើរទៅដល់សហករណ៍មួយ ដែលខ្ញុំរំពឹងថា ជាទីកន្លែងដែលម្ដាយ និងប្អូនរបស់ខ្ញុំរស់នៅ។ នៅទីនោះ ខ្ញុំបានជួបនឹងប្រជាជនជាច្រើននាក់កំពុងរង់ចាំទទួលរបបអាហារនៅក្នុងរោងឈើដ៏ធំមួយ។ ពេលនោះ មានស្ដ្រីចំណាស់ម្នាក់ដែលជាអ្នកគ្រប់គ្រងនៅទីនោះ បានមកសួរនាំថា «មករកអ្នកណា?»។ ពេលនោះ ខ្ញុំបានប្រាប់គាត់ ថាខ្ញុំមករកម្ដាយ និងប្អូនៗ។ បន្ទាប់មក គាត់ក៏បានដឹកដៃរបស់ខ្ញុំសំដៅទៅរកម្ដាយ និងប្អូនៗដែលកំពុងរង់ចាំបរិភោគអាហារនៅក្បែរនោះ។ ខ្ញុំមានការត្រេកអរជាខ្លាំងនៅពេលបានជួបម្តាយ និងប្អូនៗ ហើយបានទៅស្ទុះឱបគាត់ពីចម្ងាយ។ គាត់មានការរំភើបខ្លាំងណាស់ ដោយមិននឹកស្មានថា ខ្ញុំហ៊ានធ្វើដំណើរទៅរកគាត់បែបនេះទេ។ ភ្លាមៗនោះ ខ្ញុំបម្រុងនឹងយកអាហារពីបង្វិចយកជូនគាត់ ប៉ុន្ដែម្ដាយរបស់ខ្ញុំហាក់សម្ដែងការភ័យព្រួយចំពោះសុវត្ថិភាពរបស់យើងទៅវិញ ដោយសារគាត់ដឹងច្បាស់ថា ទង្វើទាំងអស់នេះ គឺប្រាសចាកទាំងស្រុងទៅនឹងច្បាប់វិន័យរបស់ខ្មែរក្រហម។ គាត់យកបានយកអាហារទាំងនោះទៅទុកលាក់ក្នុងគុម្ពោតព្រៃ ព្រោះខ្លាចប្រធានសហករណ៍ខ្មែរក្រហមឃើញ។ មួយសន្ទុះក្រោយមក គាត់បានយកបបរមួយចានដែលជារបបរបស់គាត់មកឲ្យខ្ញុំហូប។ ខ្ញុំដឹងថា ម្ដាយនិងប្អូនៗរបស់ខ្ញុំជួបការលំបាក និងការអត់ឃ្លានខ្លាំង ដូចនេះហើយ បានប្រគល់របបអាហារមួយពេលនោះឲ្យគាត់វិញ។ លុះដល់មេឃងងឹតព្រាលៗ ខ្ញុំក៏បានលាម្ដាយ និងប្អូនៗ ទៅកាន់អង្គភាពឡើងត្នោតជាមួយឪពុករបស់ខ្ញុំ។
នៅឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមកក្នុងប្រទេសកម្ពុជា ឪពុករបស់ខ្ញុំ បាននាំខ្ញុំធ្វើដំណើរទៅកាន់ភ្នំឆ័ត្រខេត្ដបន្ទាយមានជ័យ ដើម្បីស៊ើបពីស្ថានភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន។ ឪពុករបស់ខ្ញុំទទួលបានដំណឹងថា អង្គការកាកបាទក្រហមអន្ដរជាតិបានចែកស្បៀងអាហារសម្រាប់ប្រជាជនភៀសខ្លួននៅទីនោះ។ ក្រោយមក ឪពុករបស់ខ្ញុំចូលបម្រើក្នុងអង្គភាពដឹកអង្កររបស់ខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៧៩ ខ្ញុំបានត្រឡប់ទៅស្រុកកំណើតវិញតែម្នាក់ឯង ដើម្បីរកម្ដាយ និងប្អូនៗ ខណៈដែលឪពុករបស់ខ្ញុំបន្ដរស់នៅក្នុងអង្គភាពដឹកជញ្ជូនស្បៀងនៅតំបន់ភ្នំឆ័ត្រ។
ក្រោយមក ដោយសារជីវភាពរស់នៅក្នុងស្រុកកំណើតជួបការលំបាក ម្ដាយរបស់ខ្ញុំបានសម្រេចចិត្ដនាំកូនៗទាំងអស់របស់ខ្លួន ធ្វើដំណើរទៅកាន់ភ្នំឆ័ត្រដើម្បីជួបប្ដី និងប្អូនប្រុសរបស់ខ្លួនដែលបានបែកគ្នានៅអំឡុងរបបខ្មែរក្រហម។ នៅតាមផ្លូវ យើងបានជួបនឹងទិដ្ឋភាពនៃការរត់ពន្ធទំនិញរបស់ប្រជាជននៅតាមទល់ដែន និងអ្នកដំណើរជាច្រើននៅតាមផ្លូវឆ្ពោះទៅកាន់ព្រំដែន។
ភ្នំឆ័ត្រ បានក្លាយជាជំរំនៃប្រជាជនភៀសខ្លួនរបស់កម្ពុជា ហើយនៅទីនោះអង្គការកាកបាទក្រហមអន្ដរជាតិ គឺជាអ្នកឧបត្ថម្ភស្បៀងអាហារដល់យើង។ ក្រោយមក អង្គការកាកបាទក្រហមអន្ដរជាតិ បានបញ្ជូនក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនរាប់ពាន់នាក់ផ្សេងទៀតចេញពីភ្នំឆ័ត្រ ទៅកាន់ស្រុកម៉ាឡៃដើម្បីគេចពីគ្រោះថ្នាក់ដោយសារការប៉ះទង្គិចគ្នា រវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។
រហូតដល់ឆ្នាំ១៩៨៥ ខ្ញុំបានបែកចេញពីក្រុមគ្រួសារចូលទៅបម្រើក្នុងកងវរសេនាតូច៤០២ ដែលគ្រប់គ្រងដោយ វង្ស គឺជាប្រធានអង្គភាព។ មួយឆ្នាំក្រោយមក ខ្ញុំត្រូវបានប្ដូរទៅកាន់កងវរសេនាតូច៤០៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ផន គឺជាប្រធានអង្គភាព។ យើងឈរជើងការពារនៅតាមព្រំដែន ដែលទទួលរងនូវការវាយប្រហារពីកងទ័ពវៀតណាម។
រហូតដល់ឆ្នាំ១៩៨៨ ខ្ញុំបានចូលធ្វើជានីរសាររបស់ វ៉ូយ ដែលស្ថិតនៅក្នុងកងពល៥១៩ផ្ទាល់។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់ប្ដូរទៅកាន់កងវរសេនាធំ៤០៧ ក្រោមការគ្រប់គ្រងរបស់ ឌឹក ដែលជាប្រធានអង្គភាព។ នៅពេលនោះ អង្គភាពរបស់យើងឈរជើងនៅប៉ែកខាងលិចស្ទឹងក្រឡាញ់ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។ កងកម្លាំងរបស់យើងមានតួនាទីដើរឃោសនានយោបាយទាក់ទាញប្រជាជនឲ្យចូលរួមក្នុងចលនារបស់យើង ដើម្បីតទល់ជាមួយនឹងកងទ័ពវៀតណាមនៅតាមព្រំដែន។ ក្រោយមក អង្គភាពរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅកាន់តំបន់ប្រាសាទតាមាន់ នៃខេត្ដឧត្ដរមានជ័យ ដើម្បីទប់ទល់ជាមួយកងទ័ពវៀតណាម។
រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ១៩៨៩ ខ្ញុំបានជួបគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់បែក នៅពេលដែលមិត្ដរបស់ខ្ញុំបម្រុងបោះទៅក្នុងទឹកដើម្បីចាប់ត្រី។ ជាអកុសលគ្រាប់បែកនោះបានផ្ទុះនៅលើដៃរបស់គាត់ដែលបណ្ដាលឲ្យមនុស្សប្រហែល៥នាក់បានទទួលរងរបួស និងស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅបឹងមួយកន្លែង ដែលស្ថិតនៅខាងកើតភ្នំកូនកំព្រា ខេត្ដឧត្ដរមានជ័យ។ ភ្លាមៗនៃហេតុការណ៍នេះ អង្គភាពរបស់ខ្ញុំ បានជួយសង្គ្រោះខ្ញុំ និងមិត្ដផ្សេងទៀតដែលទទួលរងរបួស ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងជំរំកាកបាទក្រហមអន្ដរជាតិ ក្នុងប្រទេសថៃ។ នៅអំឡុងពេលនោះ កងអង្គភាពរបស់ខ្ញុំក៏មិនទទួលបានដំណឹងអ្វីពីខ្ញុំទៀតដែរ ក្រៅតែពីទន្ទឹងរង់ចាំការឆ្លើយតបរបស់គ្រូពេទ្យផ្ដល់ដំណឹងមកវិញ។ ប៉ុន្មានថ្ងៃក្រោយមក គ្រូពេទ្យនៅក្នុងជំរំបានប្រាប់អង្គភាពខ្ញុំថា កងកម្លាំងមួយចំនួនដែលបញ្ជូនមកព្យាបាលបានស្លាប់បាត់បង់ជីវិត ហើយក្រុមគ្រូពេទ្យជំនាញបានផ្ញើអដ្ឋិធាតុមួយកញ្ចប់មកកាន់អង្គភាពរបស់ខ្ញុំវិញ។ អង្គភាពរបស់ខ្ញុំបានផ្ដោតទៅលើខ្ញុំម្នាក់គត់ថា បានស្លាប់បាត់បង់ជីវិតដោយសារស្ថានភាពរបួសរបស់ខ្ញុំធ្ងន់ធ្ងរពេក។
ដំណឹងដ៏ក្រៀមក្រំពីការស្លាប់របស់ខ្ញុំ ត្រូវបានបញ្ជូនពីអង្គភាពទៅកាន់បងប្រុសរបស់ខ្ញុំនៅក្នុងស្រុកម៉ាឡៃ ដែលបន្សល់នូវភាពស្រណោះស្រណោក និងការអាឡោះអាល័យ។ ស្របពេលនោះ បងប្រុសរបស់ខ្ញុំបានរៀបចំពិធីបុណ្យសពដល់ខ្ញុំដែលរួមមានក្ដារមឈូស គ្រឿងរណ្ដាប់ និងសំណែនផ្សេងៗសម្រាប់ឧទ្ទិសកុសល។
អស់រយៈពេលប្រមាណជិត៦ខែ ដែលខ្ញុំបានសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យជំរំកាកបាទក្រហមអន្ដរជាតិ។ នៅពេលដឹងខ្លួនឡើងវិញ ទើបខ្ញុំភ្ញាក់ខ្លួនថា ជីវិតរបស់ខ្ញុំបានរលាយសាបសូន្យទាំងស្រុងដោយសារពិការភាព។ ខ្ញុំបានបាត់បង់ភ្នែកម្ខាង, ដាច់ម្រាមដៃចំនួនពីរ និងជើងមួយចំហៀង បន្ទាប់ពីវះកាត់រួច។ អង្គភាពរបស់ខ្ញុំ បានបោះបង់ខ្ញុំចោលដោយសារការយល់ច្រឡំដ៏ធំនេះ។
ទំនាក់ទំនងរវាងខ្ញុំ និងអង្គភាពរបស់ខ្ញុំបានកើតឡើងសាជាថ្មីម្ដងទៀត តាមរយៈមិត្ដរបស់ខ្ញុំម្នាក់ដែលបានទៅដល់មន្ទីរពេទ្យដែលខ្ញុំកំពុងសម្រាកព្យាបាល។ ពេលនោះ គាត់បានឃើញខ្ញុំកំពុងសម្រាកនៅលើគ្រែ ហើយចូលមកជិតខ្ញុំ។ គាត់បានរំឮកនូវអនុស្សាវរីយ៍ដ៏ជូរចត់ដែលខ្ញុំបានជួយសង្គ្រោះជីវិតរបស់គាត់កាលពីឆ្នាំ១៩៨៨។ ខ្ញុំបានអៀវគាត់ ខណៈពេលដែលគាត់ត្រូវរបួសដោយសារការវាយប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅសមរភូមិ។ បន្ទាប់ពីរំឮកអនុស្សារីយ៍ទាំងអស់នេះហើយ គាត់ក៏បានរាយការណ៍ ទៅកាន់អង្គភាពរបស់ខ្ញុំនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ។ ក្រោយមក ខ្ញុំបានចេញពីមន្ទីរពេទ្យ ហើយធ្វើដំណើរតាមអង្គភាពមកកាន់តំបន់អន្លង់វែង ឬតំបន់១០០៣ ក្រោមការគ្រប់គ្រងរបស់ ឈិត ជឿន ហៅ តាម៉ុក។
រហូតដល់ឆ្នាំ១៩៩០ ប្រជាជននៅតាមព្រំដែន និងក្នុងជំរំ បានធ្វើមាតុភូមិនិវត្ដមកកាន់ស្រុកកំណើតរបស់ខ្លួននៅខាងក្នុងប្រទេសកម្ពុជាវិញ។
លុះនៅឆ្នាំ១៩៩៨ ខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញ។ ពេលនោះ ខ្ញុំមានឱកាសបានវិលត្រឡប់ទៅជួបជុំម្ដាយ និងបងប្អូននៅក្នុងស្រុកកំណើត។ ម្ដាយរបស់ខ្ញុំមានការតក់ស្លុតខ្លាំងបន្ទាប់ពីបានជួបខ្ញុំ។ ម្តាយរបស់ខ្ញុំមានការអាណិតអាសូរដោយសារឃើញខ្ញុំធ្លាក់ក្នុងស្ថានភាពលំបាក ហើយគាត់បានធ្លាក់ខ្លួនមានជំងឺ នៅពេលដែលខ្ញុំបានរស់នៅជាមួយគាត់មួយរយៈ។ ក្រោយមក ខ្ញុំបានសម្រេចចិត្ដវិលត្រឡប់មកកាន់តំបន់អន្លង់វែង ហើយបន្ដរស់នៅជាអចិន្ទ្រៃយ៍ក្នុងសហគមន៍នេះ៕សរន