​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឥណ្ឌូនេស៊ី​គ្រោង​នឹង​ដាក់​ចេញ​ការ​រឹតបន្តឹង​តឹងរ៉ឹង​បន្ថែមទៀត ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ​ទី ៣០ ខែមិថុនា ខណៈ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ប្រយុទ្ធ​តស៊ូ​នឹង​រលក​ទី​ពីរ​នៃ​មេរោគ​កូរ៉ូណា ដែល​ជំរុញ​ដោយ​មេរោគ​បំ​ប្លែងខ្លួន Delta​។​

​ប្រធានាធិបតីចូកូ វី​ដូ​ដូ​នឹង​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិភាក្សា​លម្អិត​អំពី​វិធានការ​ថ្មី​ដែល​គ្រោងទុក​នេះ​ឈ្មោះថា ផែនការ​គ្រាអាសន្ន Pemberlakuan Pembatasan Kegiatan Masyarakat (PPKM)​ឬ​ការ​រឹត​ត្បិត​សកម្មភាព​សាធារណៈ​ក្នុង​គ្រា​អាសន្ន នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ពីរ​រូប​និង​សមាជិក​សភា​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​។

​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​សុខភាព​របស់​សភា​បាន​ប្រាប់​កាសែត​អន​ឡាញ Straits Times ថា​វិធានការ​ថ្មី​នេះ​អាច​តម្រូវឱ្យ​កម្មករ​និយោជិត​ទាំងអស់​នៅក្នុង​វិស័យ​មិន​ចាំបាច់​ធ្វើការ​ពី​ផ្ទះ​​និង​ហាម​បរិភោគ​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​។​

​បច្ចុប្បន្ន ២៥​ភាគរយ​នៃ​និយោជិត​របស់​ក្រុមហ៊ុន​ទាំងឡាយ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ពី​ការិយាល័យ​និង​ការ​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ត្រូវបាន​កំណត់​ត្រឹម ២៥ ភាគរយ​នៃ​សមត្ថភាព​។​

​សមាជិក​សភា​រូបនេះ​បាន​បន្ថែមថា​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ក្នុងស្រុក​នឹង​ត្រូវបាន​អនុញ្ញាត​សម្រាប់តែ​អ្នក​ដែល​ទទួល​វ៉ាក់សាំង​ពេញលេញ ហើយ​លទ្ធផល​តេស្តិ៍​គឺ​អវិជ្ជ​មាន​ពេល​ធ្វើ​សំណា​ករក​កូ​វីដ​១៩​។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ​វិធានការ​ថ្មី​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ឬ​សម្រាប់​តែ​តំបន់​ក្រហម​ដែល​មាន​ករណី​ឆ្លង​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ខែ​នេះ​៕

​បុគ្គលិក​ពេទ្យ​កំពុង​បាញ់សម្លាប់​មេរោគ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​២៥​មិថុនា​២០២១​